យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស ក្នុងខណ្ឌ៧មករា យកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធ រាប់ឆ្នាំមកហើយ អាជ្ញាធរមើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ ៖ គេសង្កេតឃើញថាក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ក៏ដូចជារំដោះចិញ្ចើមផ្លូវ ទ្រូងផ្លូវ ពីការរំលោភយកធ្វើអាជីវកម្មតាំងលក់ដូរអនាធិបតេយ្យនោះ ឃើញបានល្អប្រសើរច្រើន។

ប៉ុន្តែបើអាជ្ញាធរ ខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ តែកន្លែងណា ដែលមិនទទួលបានផលប្រយោជន៍ ព្រោះកន្លងមកគេឃើញក្រុម សណ្តាប់ធ្នាប់ចុះទៅរៀបចំ តែតាមផ្សារ ដែលក្រុមអាជីវករមួយចំនួនបានដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវ មួយចំនួន ដាក់ម៉ូតូ ពេញចិញ្ចើមផ្លូវបែរជាមើលមិនឃើញ។

ជាពិសេសជាងនេះទៅទៀត នៅលើកំណាត់ផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស ដែលមានរថយន្តខូចជាច្រើនមកធ្វើពេញផ្លូវតែម្តង ដោយមិនខ្វល់ពីការកកស្ទះចរាចរឡើយ ធ្វើឲ្យមានភាពរញ៉េរញ៉ៃ អនាធិបតេយ្យពេញទ្រូងផ្លូវនឹងបង្កឲ្យមានការកកស្ទះ ចរាចររាល់ថ្ងៃ ធ្វើឲ្យអ្នកដំណើរឆ្លងកាត់ទីនោះ មានការធុញទ្រាន់ និងរអ៊ូរទាំយ៉ាងខ្លាំង។

សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ចំពោះម្ចាស់យានដ្ឋាន ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសំរាប់ពួកគាត់ហើយម៉្យាងវិញទៀតវាបង្កអោយមានការកកស្ទះចរាចរ ដោយសារតែយករថយន្តខូចមកធ្វើនៅលើផ្លូវ។ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលពួកគាត់ មានការទើសភ្នែក ទើសច្រមុះបាន និយាយដោយសូម មិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌ៧មករា រួមទាំងស្ថាប័ណ្ណពាក់ព័ន្ធ មិនបានយកចិត្ដទុក ដាក់ការថែរក្សាសោភ័ណ្ឌភាព និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធ នៅតាមដងផ្លូវឱ្យបានល្អ។

ពាក់ព័ន្ធនិងបញ្ហានេះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣នេះបានសំណូមពរទៅដល់អាជ្ញាធរសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ៧មករា និងសាលាសង្កាត់វាលវង់មេត្ដាជួយសម្រួលបញ្ហាការជួសជុល រថយន្តនៅលើទ្រូងផ្លូវខាងលើនេះផង។

ជាមួយគ្នានេះដែរលោកអធិការរងទទួលផែនសណ្តាប់ធ្នាប់ខណ្ឌ៧មករា បានឲ្យដឹងដែរថា នាពេលកន្លងមកលោកបានសហការ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា និងសាលាញ៉ូហ្គេតវ៉េរ មានសន្តិសុខ បានចុះរៀបចំណ្តាប់ធ្នាប់នៅគោលដៅនេះផងដែរ ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងបានអប់រំឲ្យម្ចាស់ទីតាំងយានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស រៀបចំរថយន្តដែលយកមកជួសជុលនៅលើដងផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ កុំឲ្យមានការកកស្ទះ។

មិនដឹងថាម្ចាស់ទីតាំងជួសជុលរថយន្តនេះមានអំណាចខ្លាំងប៉ុនណាទេ រឺក៏បានរៀបចំសែនព្រេនត្រូវហើយ មើលទៅបានជាមិនខ្វល់ពីការកកស្ទះ ហើយនៅតែយកចិញ្ចើមផ្លូវខូចដាក់ជួសជុលរថយន្តពេញផ្លូវតែម្តង ធ្វើឲ្យអ្នកដំណើរពិបាកធ្វើរដំណើរតាមផ្លូវនេះណាស់ ដោយសារតែមានការកកស្ទះចរាចរសឹងតែរាល់ថ្ងៃតែម្តង៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print