ព្រោះតែរឿងជំពាក់លុយជនជាតិចិន២នាក់ឈ្លោះប្រកែកគ្នា បើករថយន្តជ្រុលបុកជនជាតិចិនម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ បន្ទាប់ពីមាន ជនជាតិចិន២នាក់បានឈ្លោះប្រកែកគ្នា នៅក្នុងបរិវេណរោងចក្រកាត់ដេរមួយកន្លែង រហូតឈានដល់ប្រេីហិង្សាវាយតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យបានឡើងជិះឡាន ដើម្បីបើកចេញក្រៅរោងចក្រ ប៉ុន្តែជនរងគ្រោះព្យាយាមហាមឃាត់រត់កាត់មុខរថយន្តបណ្ដាលអោយបុកពេញទំហឹងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីរម៉ោងរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងមានយីហោ (អូឡៃហ្វា ខេមបូឌា ហ្គាមិន) នៅតាមដងផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនរងគ្រោះឈ្មោះ XU GUOUNANG ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន នៅរោងចក្រអូឡៃហ្វា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រីឯជនសង្ស័យឈ្មោះ NHANG TUAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ។

ប្រភពព័ត៍មានបានអោយដឹងថា មុនពេលកេីតហេតុជនសង្ស័យបានបើករថយន្តម៉ាកតូយូតារ៉ាស់ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-8516 ចេញពីរោងចក្រនៅផ្លូវជាតិលេខ៣ គីឡូតិ៍ម៉ែត្រលេខ១៦ មកទាលុយ ដែលជនរងគ្រោះជំពាក់ថ្លៃកាតុងចំនួន៣៤០០០ដុល្លារ អាមេរិក។ ពេលមកដល់រោងចក្ររបស់ជនរងគ្រោះ ជនសង្ស័យក៏បានឡើងទៅជួបជនររងគ្រោះ និងកូនប្រុសរបស់ជនរងគ្រោះនៅបន្ទប់ការិយាល័យ ហើយក៏បានជជែកគ្នារឿងលុយ តែជនរងគ្រោះមិនព្រមឱ្យលុយគ្រប់ ជនសង្ស័យទាមទា យកទាំងអស់ ក៏កើតជាជម្លោះ ឈ្លោះប្រកែកគ្នា ប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានចុះពីបន្ទប់ការិយាល័យមកក្រោម ដើម្បីឡើងរថយន្តត្រឡប់ទៅវិញ តែជនរងគ្រោះបានរត់តាមក្រោយមកគោះទ្វារកញ្ចក់រថយន្តខាងស្តាំដៃ ដើម្បីឱ្យជនសង្ស័យបើកទ្វារចុះនិយាយគ្នាសិន តែជនសង្ស័យមិនព្រមបើកកញ្ចក់ទ្វាររថយន្ត ។

បន្ទាប់មកជនសង្ស័យបានព្យាយាមបើករថយន្តដើម្បីចេញទៅខាងក្រៅរោងចក្រ តែជនរងគ្រោះបានរត់ទៅខាងមុខរថយន្តរបស់ជនសង្ស័យ ដើម្បីទៅគោះទ្វារកញ្ចក់ខាងឆ្វេង ក៏ត្រូវជនសង្ស័យបើករថយន្តបុកជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យរ៉ូយ៉ាល់ ជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យ ហើយជនសង្ស័យត្រូវបានសន្តិសុខឃាត់ខ្លួន ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនស្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
បច្ចុប្បន្ននេះជនសង្ស័យដែលជាជនជាតិចិន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print