ប្រទេសថៃ៖ ពលករខ្មែរ ៩ នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈ
កម្លាំងតម្រួតថៃកំពុងដេញចាប់អ្នកបើកបរ រថយន្ត Fortuner ដែលបានបើកធ្លាក់ចូល ប្រឡាយនៅក្នុងតំបន់ធារាសាស្ត្រ ខេត្តរ៉ាចាក់បុរី បណ្ដាលឱ្យស្លាប់ពលករខ្មែរចំនួន ៩ នាក់ ពិសេសគឺមាន ខ្សែចំបើងដ៏អាថ៌កំបាំងមួយត្រូវបានរកឃើញចងជាប់នឹងកដៃរបស់ពួកគេ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ធារាសាស្ត្រមួយកន្លែងស្ថិតក្នុងខេត្ត រ៉ាចាក់បុរី ដោយសមត្ថកិច្ចដាក់ការសង្ស័យថា រថយន្តដឹក លើសទម្ងន់បណ្តាលឱ្យបែកកង់ក្រោយខាងស្ដាំ ។ អ្នកស្លាប់ទាំងអស់មាន ខ្សែចំបើងពណ៌ខៀវចងកដៃស្តាំជានិមិត្តសញ្ញាដើម្បីសម្គាល់អ្វីម្យ៉ាងជាអាថ៌កំបាំង។ ពួកគេកំពុងរៀបចំ ពង្រីកការស៊ើបអង្កេតដើម្បីចាប់ខ្លួនអ្នករត់ពន្ធពលករ ខុសច្បាប់ទាំងនោះ។
មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលប៉ាក់ថូ បានចុះពិនិត្យ កន្លែងកើតហេតុ បន្ទាប់ពីទទួលបាន ដំណឹងថា មានរថយន្ត Fortuner ធ្លាក់ចូលប្រឡាយទឹក ។ ពេលចុះពិនិត្យ ផ្ទៃក្នុងរថយន្ត និងកន្លែងជុំវិញក៏បានរកឃើញអ្នក ស្លាប់សរុប ៩នាក់ ដែលសុទ្ធសឹងជា កម្មករបរទេស។
ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនរងគ្រោះទាំងអស់ មានខ្សែចំបើងពណ៌ខៀវចងជាប់នឹងកដៃស្តាំ របស់ពួកគេ ដែលមន្ត្រីសង្ស័យថាជានិមិត្តសញ្ញាសម្រាប់ដឹកជញ្ជូនកម្មករទាំងនេះ។ សាកសព ទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ឆ័យ នៅវិទ្យាស្ថានកោសល្យវិច្ឆ័យក្រុង បាងកក ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ និងបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ។
តាមការសិក្សារបស់សមត្ថកិច្ច បានរកឃើញថា រថយន្តនេះ ដឹក អ្នកដំណើរ ១៥នាក់ ប្រុស ១៤នាក់ ស្រី ១នាក់ ហើយបាន ធ្វើដំណើរ ឆ្ពោះទៅស្រុក ប៉ាក់ថ្ម។ មន្ត្រីបានកត់សម្គាល់ថា ទម្ងន់ប្រហែល លើសចំណុះ ដែលបណ្តាលឱ្យបែកកង់រថយន្ត មុនពេលរថយន្តបាត់បង់ការគ្រប់គ្រង និង ធ្លាក់ចូលប្រឡាយទឹក ។
សេចក្តីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ មនុស្ស ៦នាក់បានហែលចេញពីរថយន្តក្នុងនោះមានម្នាក់ ជាជនជាតិថៃ និងអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់ ។ ចំណែកអ្នករត់គេចខ្លួន៤នាក់ត្រូវបានរថយន្តភីកអាប់មួយគ្រឿងទៀតដឹកយកទៅសង្គ្រោះ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់ភ្លាមៗ។
សមត្ថកិច្ចកំពុងប្រមូលភស្តុតាងជាបន្ទាន់ពី កន្លែងកើតហេតុ និងកំពុងតាមចាប់ អ្នកបើកបរជនជាតិថៃដែលរត់គេចខ្លួន ជាបន្ទាន់ ដើម្បីនាំខ្លួនមកផ្តន្ទាទោស
តាមច្បាប់ ពីបទបើកបរមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់ និងការរត់ពន្ធពលករបរទេសឧសច្បាប់ថែមទៀតផង ៕

ដោយ៖ វណ្ណា









