សារព័ត៌មាន Reuters បានផ្សាយថា យោធាអាមេរិកបានដឹកនាំការវាយប្រហារថ្មីមួយផ្សេងទៀតលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត ដោយសម្លាប់មនុស្ស៤នាក់។
ការវាយប្រហារខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ចំពេលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការរិះគន់ជុំវិញការវាយប្រហារ ដែលក្រុមអ្នកជំនាញច្បាប់ខ្លះចាត់ទុកថាជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីមានសេចក្ដីរាយការណ៍យោធាអាមេរិកបានវាយប្រហារ ដល់ទៅ២លើកលើទូកមួយគ្រឿងកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូងបានឱ្យដឹងថា ការវាយប្រហារខាងលើត្រូវបានបញ្ជាដោយផ្ទាល់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Hegseth។
ទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូង បានបញ្ជាក់ទៀតថាព័ត៌មានស៊ើបការណ៍សម្ងាត់បានកំណត់យ៉ាងច្បាស់ថាទូកដែលត្រូវបានវាយប្រហារនោះគឺមានដឹកគ្រឿងញៀនខុសច្បាប់ និងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវជួញដូរគ្រឿងញៀននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ហើយភេរវករគ្រឿងញៀនជាបុរសទាំង៤នាក់ត្រូវបានសម្លាប់គ្មានសល់ម្នាក់។
ចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានដឹកនាំការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean និងតំបន់ប៉ាស៊ីហិ្វកដោយសម្លាប់មនុស្ស ច្រើនជាង ៨០នាក់ហើយ៕









