សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ បានផ្សាយថា ប្រទេសវៀតណាម បានបន្តទទួលរងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោច២នាក់ រួមជាមួយបំណាក់ដីជាច្រើនកន្លែង ខណៈអាជ្ញាធរបានហៅឆ្នាំ២០២៥នេះ ថាជាឆ្នាំដែលកើតមានគ្រោះធម្មជាតិយ៉ាងខុសប្រក្រតីបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។
តំបន់ចន្លោះភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបានបណ្តាលឱ្យជន់លិច ផ្ទះសម្បែងប្រជាជនរាប់សែនខ្នង នៅតាមតំបន់ទេសចរណ៍ពេញនិយមជាប់បណ្តោយឆ្នេរ ព្រមទាំងបង្កគ្រោះបំណាក់ដីដ៏ប្រល័យៗ នៅតាមតំបន់ជម្រាលភ្នំ។
ប្រព័ន្ធផ្សព្វផ្សាយវៀតណាម Voice of Vietnam បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋានរាប់ពាន់ខ្នងថែមទៀត នៅខេត្ត Lam Dong និងបានឆក់យកជីវិតមនុស្សយ៉ាងហោច២នាក់។ ទន្ទឹមគ្នានោះ បំណាក់ដីចំនួន១៦កន្លែង បានវាយប្រហារខេត្តនេះ ធ្វើឱ្យខូចខាតផ្លូវថ្នល់និងស្ពាន ហើយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីផ្ទះរាប់រយខ្នង។
ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះ ទីភ្នាក់ងារឧតុនិយមវៀតណាម បានលើកឡើងថា ឆ្នាំនេះ គឺជាឆ្នាំចម្លែកបំផុតនៃគ្រោះធម្មជាតិ ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ព្យុះសរុបចំនួន២១ព្យុះ ក្នុងនោះ១៥ព្យុះជាព្យុះទីហ្វុង បានបង្កផលប៉ះពាល់ចំពោះវៀតណាមក្នុងឆ្នាំ២០២៥ ដែលជាតួលេខខ្ពស់ជាងគេបង្អស់ គិតតាំងពីការកត់ត្រាទិន្នន័យ ចាប់ផ្តើមកាលពីឆ្នាំ១៩៦១។
យោងតាមស្ថិតិរដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានធ្វើឱ្យមនុស្សលើស ៤០០នាក់ ស្លាប់ឬបាត់ខ្លួន នៅប្រទេសវៀតណាម ហើយបង្កការខូចខាត គិតជាទឹកប្រាក់ច្រើនជាង៣.៦ពាន់លានដុល្លារ៕
រូបថត: Vietnamnet










