ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យ១៣នាក់ មកតុលាការខេត្តស្វាយរៀង បន្ទាប់ពីធ្លាប់បានធ្វើសកម្មភាពបង្កហិង្សា បង្កការអុកឡុកនិងបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី៥ ខែធ្នូ ធ្ឆ្នាំ២០២៥ថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តក្នុងការបង្ក្រាបនិងលុបបំបាត់សកម្មភាពក្មេងទំនើងនៅទូទាំងខេត្ត កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនបានក្មេងទំនើង០១ក្រុមចំនួន១៣នាក់ ប្រុស ដែលធ្លាប់បានធ្វើសកម្មភាពបង្កហិង្សា បង្កការអុកឡុកនិងបង្កការរំខានដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកចន្ទ្រានិងក្រុងបាវិត ព្រមទាំងបានដកហូតកាំបិត០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាធ្លាប់បានបង្កការអុកឡុកពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន










