ខេត្តព្រៃវែង៖ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម(ខេត្តតៃនិញ) ត្រូវបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង និងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ខេត្តតៃនិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាម មិញវិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង ខេត្តតៃនិញ និងខេត្តពាក់ព័ន្ធមួយចំនួន ព្រមទាំងពាណិជ្ជករ អាជីវករ និង ប្រជាពលរដ្ឋនៃប្រទេសទាំងពីរជាច្រើនរូប។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល រាក់ទាក់ និងអធិកអធម។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅ ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតិនណាម ឃុំតាំងប៊ិន ខេត្តតៃនិញ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម។ ច្រកទ្វារព្រំដែនអន្តរជាតិនេះមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីសាលាខេត្ត ព្រៃវែង និង១៣៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយមានចម្ងាយប្រមាណ ១៦៨គីឡូម៉ែត្រពីទីរួមខេត្ត តៃនិញ(ថ្មី)។ អគារ នឹងហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និង ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ព្រមទាំងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់ទីរួមខេត្ត ទីប្រជុំជន និងខេត្តផ្សេងៗទៀត ត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់ដើម្បីបម្រើ ដល់សកម្មភាពសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងតម្រូវការ ចេញចូលឆ្លងកាត់ព្រំដែនដែលកាន់តែមានភាពមមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
កិច្ចសហការរួមគ្នានៅក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន អន្តរជាតិនៃប្រទេសទាំងពីរនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដ៏មានតម្លៃដែលបានបង្ហាញអំពីកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្ត ខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)ឱ្យកាន់តែរឹងមាំក្នុងលក្ខណៈជា«អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ និងយូរអង្វែង» និងនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕ដោយ៖តារា










