នគរបាលស្រុកកណ្ដាលស្ទឹង ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ ឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ 2025 នេះថា ទីតាំងកត់កន្ទុយលេខ១កន្លែង ត្រូវបានកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងភ្លាមៗក្រោយពីទទួល បានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដោយឃាត់ខ្លួនស្ត្រីជាម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាង ជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

 

សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ហួត ចិន្ដា ភេទ ស្រី អាយុ ៤៩ឆ្នាំ មុខរបរអ្នកកត់កន្ទុយលេខ មានទី លំនៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

 

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋថាមានការលួចលាក់បើកល្បែងស៊ីសងនៅចំណុចខាងលើ កម្លាំងជំនាញបានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង។ តាមចម្លើយសារភាព ជនសង្ស័យបានប្រកបរបរនេះតាំងពីខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមានក្រុម ការងារជាបុរស ៤នាក់ ជិះរថយន្តមកទាក់ទងឲ្យជួយកត់ ដោយឲ្យកម្រៃជើងសារ ៩០០រៀល ក្នុងទឹកប្រាក់ ១ម៉ឺនរៀល។ ជារៀងរាល់ថ្ងៃឈ្មោះ សូត្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជាអ្នកមកប្រមូលលុយផ្ទាល់ផង និងទាក់ទងតាម Telegram ផង ដែលក្នុង១ថ្ងៃៗគាត់លក់បានចន្លោះពី ៣០ ទៅ ៤០ម៉ឺនរៀល។

 

សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ ១. ទូរស័ព្ទដៃ ១គ្រឿង ម៉ាក TECNO SPARK 40 ពណ៌ក្រផេះ ២. សៀវភៅសម្រាប់កត់កន្ទុយលេខចំនួន ៤ក្បាល (តូច-ធំ) ៣. ក្រដាសកត់កន្ទុយលេខ និងសម្ភារៈមួយចំនួនទៀត។

...

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print