ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់បុរសជាអ្នកបើកបរម៉ូតូរ៉ឺម៉កម្នាក់បានស្លាប់ភ្លាមៗ និង០៣នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៥និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកសាន់យ៉ាន់ ពណ៌ស សណ្តោងរ៉ឺម៉ក០១គ្រឿង បើកបរដោយឈ្មោះ យ៉ែម សារុន ភេទប្រុស អាយុ៤៦ឆ្នាំ ដឹកសម្ភារៈប្រើប្រាស់លក់ដូរនៅតាមដងផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាកTOYOTA Prius ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ2BM-9486 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាជនជាតិវៀតណាម០៥នាក់ ទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តប៉ើងក្រឡាប់ផ្ងារជើងឱ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាលផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូរុឺម៉កត្រូវបានវាស់វែងធ្វើកំណត់ហេតុស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំដោះស្រាយតាមផ្លូវច្បាប់៕










