ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បញ្ជាឱ្យលុបចោលឥណទានរហូតដល់៨០លានរៀលរបស់អតិថជន ឬអ្នករួមខ្ចីជាយោធិនពលី ជនភៀសសឹក ផ្តល់ការលើកលែងរាល់កម្រៃ និងការផាកពិន័យទាក់ទងនឹងឥណទាន រួមទាំងលើកលែងការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម សម្រាប់ជនភៀសសឹក និងយោធិនដែលប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជន និងយោធិន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ទាហាន និងក្រុមគ្រួសាររបស់ពួកគេ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានជំរុញឱ្យលើកលែងរាល់កម្រៃ និងការផាកពិន័យដែលទាក់ទងនឹងឥណទាន លើកលែងការទូទាត់សងការប្រាក់ និងពន្យាការបង់ប្រាក់ដើម សម្រាប់ជនភៀសសឹកចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ប្រភពដដែលបានបន្តថា សម្រាប់អតិថិជនដែលជាយោធិន ដែលប្រតិបត្តិការដោយផ្ទាល់នៅក្នុងសមរភូមិ រាល់ការចំណាយទាក់ទងនឹងឥណទាន និងការផាកពិន័យនឹងត្រូវបានលើកលែង រីឯការទូទាត់សងការប្រាក់ និងការទូទាត់ប្រាក់ដើម ត្រូវពន្យារពេលពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
បន្ថែមពីនេះ សេចក្ដីប្រកាសបានណែនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យលុបចោលឥណទានរហូតដល់ ៨០លានរៀល (១៩,៩៦៧ដុល្លារ) របស់អតិថជន ឬអ្នករួមខ្ចីជាយោធិនពលី ខណៈដែលយោធិនពិការក្នុងការប្រយុទ្ធអាចទទួលបាន ការលុបចោលបំណុលរហូតដល់ ១០ លានរៀល (២,៤៩៥ដុល្លារ)។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យបន្តការរៀបចំរចនាសម្ព័ន្ធឥណទានសម្រាប់អតិថិជនផ្សេងទៀតតាមបទប្បញ្ញត្តិជាធរមាន ហើយត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
គួរបញ្ជាក់ថា នេះជាការណែនាំនេះលើកទីពីររបស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីកម្ពុជា និងថៃបានផ្ទុះអាវុធនៅតាមព្រំដែន ដែលបានធ្វើឱ្យទាហានបានស្លាប់បាត់បង់ជីវិត រងរបួស និងពិការ ព្រមទាំងគ្រួសាររាប់ម៉ឺននាក់ក្លាយជាជនភៀសសឹក មិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន៕
ដោយ ៖ សំរិត









