ខេត្តស្ទឹងត្រែង៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងដឹកឈើប្រណិតលោតឆត្រចេញពីខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងប៉ូលិសអធិការស្រុកសេសាន ធ្វើការតាមប្រមាញ់ដេញចាប់បង្ក្រាបបាន កាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិច្រប ឃំុក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើប្រណិតខុសច្បាប់ខាងលើនេះម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ អត់ស្លាកលេខ (ប៉ុន្តែមានស្លាកបង់ពន្ធរថយន្តមានស្លាកលេខភ្នំពេញ2V-8238) ដឹកឈើប្រណិតលោតឆត្រចេញពីខេត្តស្ទឹងត្រែង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានកម្លាំងប៉ូលិសអធិការស្រុកសេសានបើករថយន្តដេញប្រមាញ់តាមពីក្រោយរថយន្តដឹកបទល្មើសឈើប្រណិតខុសច្បាប់នោះឲ្យឈប់តែមិនឈប់ ទើបឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់បាញ់ចំកង់មុខខាងស្តាំបែកទៅមុខមិនរួច ទើបធ្វើការបង្ក្រាបបាន។ ចំណែកម្ចាស់រថយន្តដឹកឈើប្រណិតនោះបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ បន្ទាប់មកខាងសមត្ថកិច្ចស្ទូចយករថយន្តនិងឈើទាំងនាំមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ប្រភពដដែលបានបន្តទៀតថា លុះដល់ព្រឹកឡើង ថ្ងៃទី១១ ខែឆ្នាំដដែលក៏បានអញ្ជើញលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីធ្វើការត្រួតពិនិត្យរថយន្តនិងឈើ រួចប្រគល់ឈើប្រណិតទៅឲ្យខាងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងចាត់ការបន្ត ។
លោក តែ រី នាយរងផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ខាងសមត្ថកិច្ចប៉ូលិសស្នងការខេត្តបានប្រគល់ឈើប្រណិតមកឲ្យចំនួន២៤ដំុ ស្មើនឹង១,៤៥៥ម៉ែត្រគូប ។ លោកបានបញ្ជាក់ថា ឈើប្រណិតខាងលើនោះជាឈើប្រភេទក្រញូងនិងឈើនាងនួន រីឯរថយន្តវិញគឺយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីធ្វើការតាមដាននិងស្រាវជ្រាវរកម្ចាស់ឈើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ វុទ្ធឦសាន