ខេត្តកណ្តាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះថាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅមន្ទីរពេទ្យ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះដែលកំពុងបណ្ដើរម៉ូតូបែកកង់ ប៉ុន្តែត្រូវជនរងគ្រោះតដៃដណ្ដើមបានដាវ ក៏វាយបែកក្បាលវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើមហាវិថីស៊ី ជីងពីង (ម្ដុំស្ពានព្រែកចាបយំ) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ផាត លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសង្កាត់កើតហេតុ (រងរបួសប្រអប់ដៃឆ្វេងដេរ ១០ថ្នេរ និងរបួសម្រាមដៃស្តាំ)។ ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កុសល ភារុណ ភេទប្រុស អាយុ ២០ឆ្នាំ មានសារធាតុញៀននិងបក្ខពួក៣នាក់ទៀតកំពុងគេចខ្លួនមានឈ្មោះ សឿន ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ, នី ប្រុសពៅ ភេទប្រុស អាយុ៣៤ឆ្នាំនិងឈ្មោះ សាន់ ខួច ភេទប្រុស អាយុ២២ឆ្នាំ។
លោកអធិការក្រុងបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូត្រឡប់មកពីផ្ទះបងថ្លៃវិញ។ លុះមកដល់ចំណុចកើតហេតុម៉ូតូបានបែកកង់ ក៏ចុះបណ្តើរ។ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកដល់បានលោតចុះយកដាវដេញកាប់ជនរងគ្រោះ។ ភ្លាមៗនោះ ជនរងគ្រោះបានតដៃ និងចាបផ្លែដាវប្រតាយប្រតប់គ្នារហូតធ្លាក់ទឹក ហើយជនរងគ្រោះបានរើសដុំថ្មវាយបំបែកក្បាលជនសង្ស័យម្នាក់ ធ្វើឲ្យជនសង្ស័យភ័យលែងដាវចោល និងហែលទឹកគេចខ្លួនទៅត្រើយម្ខាង។
លោកវរសេនីយ៍ឯក យី វណ្ណដា បានបញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក៏ស្រាប់តែបានជួបជនសង្ស័យដែលចូលមកព្យាបាលរបួសក្បាលដូចគ្នា ទើបប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបានភ្លាមៗតែម្ដង។
វត្ថុតាងដកហូតបានរួមមានម៉ូតូជនសង្ស័យ១គ្រឿង (Suzuki Viva), ទូរស័ព្ទដៃ១គ្រឿង និងដាវដែកដងឈើ ១ដើម។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕










