នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ទីភ្នាក់ងារ Yonhap បានផ្សព្វផ្សាយថា កម្លាំងយោធាសហរដ្ឋអាមេរិកបានពន្យារពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់ឧបទ្វីបកូរ៉េ ដែលយ៉ាងហោចណាស់ក៏មានរយៈពេល២៤ម៉ោងទៀតផងដែរ ដោយសារតែអាកាសធាតុមិនអំណោយផលនៅបន្ទាយយោធា Guam នោះ ។
មន្ត្រីយោធាអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា អាមេរិកមានគម្រោងបញ្ជូនយន្តហោះទម្លាក់គ្រាប់ធុននេះ២គ្រឿងទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីបញ្ចេញសាច់ដុំ ក្រោយពេលដែលកូរ៉េខាងជើងបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៥កាលពីចុងសប្តាហ៍មុន ហើយបាននិងកំពុងរៀបចំបាញ់សាកល្បងបន្ថែមទៀតនូវគ្រាប់បែកបរមាណូនោះ ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងប្រាប់ប្រភព Yonhap ផ្សាយថា កូរ៉េខាងជើងបាននិងកំពុងរៀបចំសាកល្បងអាវុធនុយក្លេអ៊េរបន្ថែមទៀត ។
ប្រភពមិនអាចបញ្ជាក់លម្អិតក្រៅពីនេះឡើយ ។ កាលពីថ្ងៃអាទិត្យ មេដឹកនាំកូរ៉េខាងជើងបានសើចចំអកដល់មហាអំណាចដែលគំរាមដាក់ទណ្ឌកម្មកូរ៉េខាងជើងបន្ថែមទៀតនោះ ថាជារឿងគួរឲ្យចង់សើច និងមិនទទួលបានផលអ្វីទាំងអស់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត
...