ភ្នំពេញ៖ អាជ្ញាធរមីន បានបញ្ជាក់ថា៖ ប្រទេសអ៊ីតាលីជាសមាជិកកម្លាំងថ្មី ដើម្បីឱ្យបេសកកម្មកម្ពុជាតាមគោលនយោ បាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញា ធរមីន រួមជាមួយ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំជាមួយ លោក Shakeel Admad តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហ ប្រធានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CfRIV)នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួមមនៃវឌ្ឍនភាពវិស័យសកម្មភាពមីន និងបញ្ហាប្រឈម ដែលនៅសេស សល់វឌ្ឍន ភាព នៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតប ទៅនឹងការវាយតម្លៃបញ្ចប់គម្រោង។
លោក លី ធុជ បានអរគុណចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកក្នុងការផ្តល់ដីសុវត្ថិភាព ការកាត់ បន្ថយហានិភ័យ និងការផ្តល់ឱកាសធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
អាជ្ញាធរមីន បានទទួលស្គាល់ចំពោះការរួមចំណែករបស់ CfRIV ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះដែលបានផ្តល់លទ្ធផលយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែបោសសម្អាតផ្ទៃដីមានមីនជាច្រើនលានម៉ែត្រការ៉េប៉ុណ្ណោះ ទេ ប៉ុន្តែសំខាន់ជាងនេះ គឺបានកាត់បន្ថយគ្រោះថ្នាក់ ជម្រុញឱ្យមានការអភិវឌ្ឍន៍ និង លើកកម្ពស់សេដ្ឋកិច្ចសង្គម។
លោក លី ធុជ បានបញ្ជាក់ថា៖ ស្ថានភាពសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងនោះរួមមានការ ការសិក្សាស្រាវជ្រាវទិន្នន័យមីនគ្រប់ជ្រុងជ្រោយនៅតាមខេត្តជាប់ព្រំដែន,ការឆ្លើយតបបន្ទាន់ទៅនឹងតំបន់មានហានិភ័យខ្ពស់, វិធានការបន្ទាន់ទៅនឹងភាពតានតឹងនៅជិតតំបន់ព្រំដែន, សំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជាដែលទទួលបានការអនុម័តជាឯកច្ឆ័នពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា, ការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពមីន និងការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។
លោក លី ធុជ បានអរគុណចំពោះការវិលត្រឡប់ជាថ្មីរបស់រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ដែលនឹងចូលរួមក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៥ ហើយ លោកចាត់ទុកការគាំទ្ររបស់ប្រទេសអ៊ីតាលី គឺជាការបន្ថែមកម្លាំងថ្មីដើម្បីឱ្យបេសកកម្មរបស់កម្ពុជា ឆាប់ទទួលជោគជ័យតាមគោលដៅ ដែលបានគ្រោងទុក។
លោក លី ធុជ ជំរុញលើកទឹកចិត្តឱ្យគម្រោងបន្តយកចិត្តទុកដាក់នៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ» ៕ ដោយ សំរិត










