ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ពេលឮស្នូរកាំភ្លើងលាន់ឮនៅព្រំដែន បងប្អូនមួយចំនួនអាចនឹងមើលខុសថា នេះជាទង្វើរបស់ “អ្នកខ្លាំង” កំពុងគំរាមកំហែង “អ្នកខ្សោយ”។ ប៉ុន្តែបើយើងពិនិត្យឱ្យធ្លុះទៅក្នុងសាច់រឿងនយោបាយ និងសេដ្ឋកិច្ចតំបន់ អ្វីដែលកំពុងកើតឡើង មិនមែនជាការបង្ហាញសាច់ដុំរបស់គេនោះទេ តែផ្ទុយទៅវិញ ជាសញ្ញានៃ «ភាពទាល់ច្រក» យ៉ាងពិតប្រាកដ។
តាមពិតទៅ ការដែលគេខំប្រឹងបង្កបញ្ហានៅព្រំដែន មិនមែនមកពីគេខ្លាំងលើសលប់នោះទេ តែមកពីវិបត្តិផ្ទៃក្នុងរបស់គេកំពុងតែរង្គោះរង្គើ។ នៅក្នុងក្បួននយោបាយ គេហៅថា «យុទ្ធសាស្ត្របង្វែរដាន»។ ដូចសារព័ត៌មានអន្តរជាតិ The Diplomat បានវិភាគអ៊ីចឹង រដ្ឋាភិបាលរបស់គេកំពុងរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបាត់បង់ប្រប្រិយភាព។ ដូច្នេះ ការបង្កើតសត្រូវនៅក្រៅប្រទេស (គឺកម្ពុជាយើង) គឺជាច្រកចេញតែមួយគត់ ដើម្បីបិទបាំងរឿងអាស្រូវក្នុងផ្ទះ និងអូសទាញការគាំទ្រពីពលរដ្ឋគេវិញតែប៉ុណ្ណោះ។ ការចោទប្រកាន់រឿង “មីន” ឬ “Scam” គ្រាន់តែជាលេសដោះសារ ដើម្បីដុតកម្តៅស្ថានការណ៍។
មួយវិញទៀត ការដែលគេហ៊ានប្រើកម្លាំងបាយបំផ្លាញស្ពានថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ វាស្មើនឹងការ «វាយឆ្នាំងបាយខ្លួនឯង»។ សម្រាប់ប្រទេសដែលដកដង្ហើមដោយសារវិស័យទេសចរណ៍ និងការវិនិយោគបរទេស (FDI) ដូចជាគេ ការបង្កសង្គ្រាមគឺជាកំហុសដ៏ធំ។ ទីភ្នាក់ងារ Bloomberg ធ្លាប់បានព្រមានថា ជម្លោះនេះកំពុងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិរារែកចិត្ត។ ខណៈដែលកម្ពុជាយើងរងការខូចខាតរូបវន្ត តែភាគីខាងនោះកំពុងរងការខូចខាត “កេរ្តិ៍ឈ្មោះ” និងទំនុកចិត្ត ដែលពិបាកនឹងស្តារឡើងវិញណាស់។
ចំពោះកម្ពុជាវិញ យើងមិនបានដើរចូលអន្ទាក់របស់គេ ដោយការតបតទាំងកម្រោលនោះទេ។ ភ្នំពេញបានជ្រើសរើសផ្លូវនៃការទូតប្រកបដោយភាពចាស់ទុំ។ ជាក់ស្តែង សារព័ត៌មាន Reuters បានចុះផ្សាយថា មហាអំណាចពិភពលោកដូចជា ចិន និង សហរដ្ឋអាមេរិក កំពុងចេញមុខជំរុញឱ្យមានកិច្ចចរចា។ នេះបង្ហាញថា ពិភពលោកមិនបានបោះបង់កម្ពុជាទេ ហើយការអត់ធ្មត់របស់យើង កំពុងដាក់សម្ពាធត្រឡប់ទៅគេវិញ តាមរយៈច្បាប់អន្តរជាតិ។
ជារួមមក សេណារីយ៉ូនេះមិនមែនជារឿង “ចចកស៊ីកូនចៀម” ដូចគេលើកឡើងនោះទេ។ ស្ថានភាពជាក់ស្តែងគឺប្រៀបដូចជា «ដំរីជាប់ភក់» ដែលកាន់តែរើ កាន់តែផុង។ កម្ពុជាក្នុងនាមជាប្រទេសតូចតែមានបត់បែនខ្ពស់ កំពុងឈរលើគោលជំហរការពារជាតិដោយភាពឆ្លាតវៃ។
ចុងក្រោយ អ្នកឈ្នះក្នុងសមរភូមិនេះ មិនមែនជាអ្នកដែលបាញ់គ្រាប់កាំភ្លើងអស់ច្រើនជាងគេទេ តែជាអ្នកដែលរក្សាបាននូវស្ថិរភាព និងការគាំទ្រពីអន្តរជាតិ នៅពេលដែលផ្សែងកាំភ្លើងរសាត់បាត់ទៅ (យើងរង់ចាំ ថ្ងៃទី២២ ធ្នូ មកដល់ ថ្ងៃដែលថៃ ខ្លាច)៕











