ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមកិច្ច ប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ ក្នុងគោលដៅបង្កើនការយោគយល់ពីគ្នា និងជំនឿទុកចិត្តទៅវិញ ទៅមក ជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។

កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

នាឱកាសនៃកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ាន ផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិធានការកសាងទំនុកចិត្តបន្ថែមទៀត។

...

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ានពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់មជ្ឈភាព និងឯកភាពអាស៊ាន ដែលនឹងពង្រឹងដល់ការរួមចំណែកដ៏យូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូលផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print