ខេត្ត ព្រះវិហារ ៖ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។
កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។
សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរ៉ែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារចំនួន៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ។
តាមការស្រាវជ្រាវ ដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា រស់នៅនៅតំបន់មួយចំនួនដូចជាភូមិភាគឥសាន និរតី និងភូមិភាគខាងជើង។ ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះមិនមានការកត់ត្រាពីដំរីងាប់នៅក្នុងតំបន់ភូមិភាគខាងជើងនោះទេ។ តាមការសិក្សាថ្មីៗបង្ហាញថា ដំរីនៅប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ច្រើនជាង៦០០ក្បាលកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ដំរីអាស៊ីត្រូវបានចុះក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red Listed) ជាប្រភេទជិតផុតពូជ និងត្រូវបានចាត់ថ្នាក់នៅក្នុងឧបស្ព័ន្ធ I នៃអនុសញ្ញាសាយតេស (CITES Appendix I)៕













