ឥណ្ឌា៖ លោក Vijayasai Reddy V ជាអតីតសមាជិកសភាឥណ្ឌា នាថ្ងៃទី២៣ ធ្នូ បានបង្ហោះក្នុងបណ្តាញសង្គម រិះគន់យោធាថៃចំពោះការបំផ្លាញរូបសំណាកហិណ្ឌូដ៏ធំមួយដែលសាងសង់ដោយកម្ពុជា ថាជាទង្វើដែលមិនអាចទទួលយកបាន និងមិនសមហេតុផល ទោះបីជាត្រូវបានអះអាងថាទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃក៏ដោយ។ សកម្មភាពនេះ ត្រូវបានចាត់ទុកថា ជាការវាយប្រហារលើជំនឿ និងបេតិកភណ្ឌវប្បធម៌ ដែលបង្ហាញពីការមិនអត់ឱន និងមិនគោរពជាខ្លាំង។
នៅក្នុងខ្លឹមសាររបស់លោក Vijayasai Reddy V បានលើកឡើងថា ទាំងប្រទេសថៃ និងកម្ពុជា ភាគច្រើនជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា ប៉ុន្តែនៅតែមានបរិបទប្រវត្តិសាស្ត្រនៃការបៀតបៀនរូបសំណាក់ហិណ្ឌូ និងការប៉ុនប៉ងលុបបំបាត់និមិត្តសញ្ញាវប្បធម៌ហិណ្ឌូ។ នេះបង្ហាញពីទំនាក់ទំនងស្មុគស្មាញរវាងសាសនាទាំងពីរនៅក្នុងតំបន់ ដែលទោះបីជាមានបេតិកភណ្ឌព្រះពុទ្ធសាសនារួមគ្នាក៏ដោយ ក៏នៅតែមានករណីនៃអំពើហិង្សា និងការមិនអត់ឱនចំពោះសាសនាហិណ្ឌូ។
លោកអតីតសមាជិកសភាឥណ្ឌារូបនេះ បានបន្ថែមថា ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងនិមិត្តសញ្ញាសាសនា មិនអាចត្រូវបានលើកលែងទោស ឬរាប់ជាសមហេតុផល ឬក្នុងមូលហេតុនយោបាយនោះទេ។ លោកអះអាងថា សន្តិភាពពិត មិនអាចសម្រេចបានដោយការធ្វើឱ្យខូច ឬបំផ្លាញជំនឿ ឬនិមិត្តសញ្ញារបស់សាសនាផ្សេងទៀតនោះទេ។
ជាចុងក្រោយ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌា ដូចជាលោក Narendra modi ដែលជានាយករដ្ឋមន្ត្រីឥណ្ឌា និងអ្នកកាន់អំណាចផ្សេងទៀត គួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងចាត់វិធានការប្រឆាំងនឹងទង្វើមិនអត់ឱន និងអំពើហិង្សាបែបនេះ៕
ដោយ៖តារា










