ភ្នំពេញ ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម វាយតម្លៃខ្ពស់ថា ចិនដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការនាំមកនូវការបញ្ចប់ជម្លោះរវាងថៃនិងកម្ពុជា។
លោកបណ្ឌិត កៅ មុយថង ចាត់ទុក ការប្រឹងប្រែងរបស់ចិន ជួយបញ្ចប់ជម្លោះនេះ មិនមែនសម្រាប់តែកម្ពុជានិងថៃ ប៉ុន្តែ គឺដើម្បីធានាស្ថិរភាពក្នុងតំបន់ទាំងមូល។
លោកបានប្រាប់ នៅថ្ងៃទី២៣ ខែធ្នូ ថា «ជារួម ចិនដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការនាំមកនូវការបញ្ចប់សង្រ្គាមរវាងថៃនិងកម្ពុជា ហើយការបញ្ចប់សង្រ្គាមដែលចិនចង់បាននោះ គឺមិនត្រឹមតែដើម្បីជួយសង្គ្រោះជីវិតប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការធានានូវ “ស្ថិរភាព” សម្រាប់តំបន់ទាំងមូល។ ប៉ុន្តែផ្តើម ចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ ប្រជាជនកម្ពុជា សង្ឃឹមថា ថៃត្រូវរៀនរស់នៅជាមួយគ្នាដោយសន្តិវិធី ក្រោមការសម្របសម្រួលនានា ដើម្បីប្រែក្លាយតំបន់ជម្លោះ ឱ្យទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាវិញ ដែលនេះគឺជាច្រកចេញដ៏ល្អ បំផុតសម្រាប់មហាកិត្តិយស និងផលប្រយោជន៍ជាតិរៀងៗខ្លួន»។
ចំពោះតួនាទីរបស់ចិនក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកាន់តែសកម្ម , លោកបណ្ឌិត កៅ មុយថង បានប្រាប់ថា «យើងសង្កេតឃើញថា ចិនប្រកាន់ជំហរមិន ចង់ឱ្យមានអសន្តិសុខ ឬការផ្ទុះអាវុធណាមួយក្នុងតំបន់ឡើយ។ នេះក៏ព្រោះតែសង្រ្គាម គឺជាឧបសគ្គ រាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល ជាពិសេស វានឹងជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់កំណើន សេដ្ឋកិច្ចរបស់ចិនផ្ទាល់តែម្តង។ ម្យ៉ាងទៀត ក្នុងបរិបទបច្ចុប្បន្ន ស្ទើរតែគ្មានប្រទេសណាមួយដែលគ្មាន វត្តមានវិនិយោគិន ឬពាណិជ្ជកម្មចិននោះទេ ដែលកត្តានេះធ្វើឱ្យចិនដើរតួជាប្រទេសរក្សាលំនឹងដើម្បី ការពារផលប្រយោជន៍សេដ្ឋកិច្ចរួមទាំងអស់គ្នា»៕











