ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាននាំយកស្បៀងសប្បុរសជន ចែកជូនជនភៀសសឹកចំនួន ១១៨០គ្រួសារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។
. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស ត្រ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរ និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការពារជាតិក្នុងការការពារខឿនការពារជាតិ។
. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណដល់ សប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៏ មកចូលរួមរំលែកនូវទុក្ខលំបាកដល់គ្រួសារវីរៈកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។
. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារកងទ័ពទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខណៈដែលស្វាមី កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុងបំពេញបេសកកម្មនៅជួរមុខឱ្យមានកម្លាំងចិត្ត និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។
. ប្រជាពលរដ្ឋចំនួន ១១៨០គ្រួសារ ក្នុង១គ្រួសារទទួលបាន ១ឃីត ភួយ ១, ប្រហុក ១គីឡូក្រាម, ឆៃប៉ូវ ១គីឡូក្រាម, អំបិល ១គីឡូក្រាម, កេសសម្ភារៈចំនួន៩មុខ (សាប៊ូដុស ខ្លួន ១ដុំ, សំឡីអនាម័យ ១ដុំ, មី៥កញ្ចប់, នំផ្អែមប្រៃ ១ កញ្ចប់, ទឹកដោះគោខាប់ ១កំប៉ុង, ខោទឹកនោម១ដុំ, ក្រដាស់សើម១ដុំ, ម្សៅទឹកដោះគោ ១កំប៉ុង,ក្រម៉ា ១) អង្ករ ២៥គីឡូក្រាម និងថវិកា ៥ម៉ីនរៀល៕















