ខេត្តបន្ទាយមានជ័យ៖ ក្នុងគ្រាដែលមាតុភូមិកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានអធិបតេយ្យភាព ទឹកចិត្តសប្បុរសធម៌ពីគ្រប់ទិសទីបានហូរស្រោចស្រព មកកាន់ទឹកដីខេត្តបន្ទាយមាន ជ័យយ៉ាងផុសផុល។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានបន្ដចុះសួរសុខទុក្ខ និងទទួលអំណោយសប្បុរសធម៌ ដើម្បីបែងចែកជូនបងប្អូនជនភៀសសឹក ដែលកំពុង
ស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ដោយក្តីរំភើប ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការដឹង គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរសជនគ្រប់ទិសទី ដែលមិនបានរារែកក្នុងការចែករំលែកទ្រព្យធន និងស្បៀងអាហារ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បង ប្អូនជនភៀសសឹកយើង។ កាយវិការដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមហាសាមគ្គីភាពជាតិខ្មែរយ៉ាងរឹងមាំបំផុត ។
លោកបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងការហូបចុករបស់បងប្អូនជនភៀសសឹក។ លោកបានសង្កត់ធ្ងន់ថា
ជំនួយដែលទទួលបានពីរាជរដ្ឋាភិបាល និងសប្បុរសជន ត្រូវបានចាត់ចែងដល់ដៃបងប្អូនបានទាន់ពេលវេលា។ ក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ចកំពុងយាមកាម និងថែទាំសុខភាពបងប្អូន ២៤ម៉ោង លើ២៤ ម៉ោង។ ទោះបីស្ថិតក្នុងស្ថានភាពភៀសខ្លួនពីការឈ្លានពានដ៏ព្រៃផ្សៃរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជាក៏ដោយ ក៏បងប្អូនមិនត្រូវបានបោះបង់ ចោលឡើយ។
លោក អ៊ុំ រាត្រី ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រទានពរជ័យដល់សប្បុរសជន និងព្រះសង្ឃគ្រប់ព្រះអង្គ ឱ្យជួបតែពុទ្ធពរទាំងបួនប្រការ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ លោកក៏បានអំពាវនាវដល់សប្បុរសជនបន្តចូល រួមជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ជនភៀស សឹកនេះរហូតដល់ស្ថានភាពវិលត្រឡប់មករកភាពប្រក្រតីវិញ។ បច្ចុប្បន្ន ជំនួយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា កំពុងត្រូវបានក្រុមការងាររដ្ឋ បាលខេត្ត ចាត់ចែងបញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាពនានា ដើម្បីធានាថាគ្មានបងប្អូនណាម្នាក់ត្រូវបានរំលងក្នុងការទទួលបានការជួយឧបត្ថម្ភនោះឡើយ។ យោងសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃគិតសរុបពីថ្ងៃទី៧ ខែធ្នូមកដល់ព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ នេះ មានជនភៀសសឹកសរុប៦០៧៩៨០នាក់ ក្នុងនោះស្ត្រី៣១៨៦៦៨នាក់និងកុមារ១៩១៩៥៧នាក់ ៕ ដោយ សំរិត










