កូរ៉េខាងជើងចេញផ្សាយរូបថតនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ

ចែករំលែក៖

កូរ៉េខាងជើងបានចេញផ្សាយរូបថតរបស់មេដឹកនាំ គីម ជុងអ៊ុន កំពុងទៅទស្សនាកន្លែងផលិតនាវា និងត្រួតពិនិត្យដោយផ្ទាល់នូវគម្រោងសាងសង់នាវាមុជទឹកយុទ្ធសាស្ត្រ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះថា មេដឹកនាំ គីម ជុងអ៊ុន និងមន្ត្រីនានាបានត្រួតពិនិត្យកន្លែងផលិតនាវាចម្បាំងទ្រង់ទ្រាយធំមួយ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលា ឬទីតាំងនោះទេ។ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងក៏មានវត្តមាននៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
រូបភាពទាំងនេះបង្ហាញថា គីម ជុងអ៊ុន កំពុងសន្ទនាជាមួយមន្ត្រីនៅក្បែរនាវាមុជទឹកដែលកំពុងសាងសង់។ នាវាមុជទឹកនេះត្រូវបានលាបពណ៌ក្រហមឥដ្ឋ និងស្ថិតនៅលើជើងទម្រពណ៌លឿង។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមិនបានចេញផ្សាយព័ត៌មានបន្ថែមអំពីអាវុធថ្មីនេះទេ។
KCNA បានផ្សាយថា លោក គីម ជុងអ៊ុន «បានត្រួតពិនិត្យដោយផ្ទាល់នូវការសាងសង់នាវាមុជទឹកមីស៊ីលដឹកនាំយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានទម្ងន់ផ្ទុក 8,700 តោន» ។
ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់សម្តីរបស់លោក គីម ជុងអ៊ុន ដែលបាននិយាយថា «ផែនការអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ដែលទើបត្រូវបានអនុម័តថ្មីៗនេះដោយសហរដ្ឋអាមេរិក នឹងធ្វើឱ្យឧបទ្វីបកូរ៉េកាន់តែអស្ថិរភាព»។ «យើងចាត់ទុករឿងនេះថាជាទង្វើឈ្លានពាន ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ និងដែនសមុទ្ររបស់កូរ៉េខាងជើង និងជាការគំរាមកំហែងដែលត្រូវតែទប់ទល់»។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងធ្លាប់បានលើកឡើងពីផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ នៅពេលរាយការណ៍អំពីដំណើរការនាវាមុជទឹកម៉ាស៊ូត-អគ្គិសនី Hero Kim Kun-ok នៅ Sinpo ក្នុងខែកញ្ញា ឆ្នាំ២០២៣។ លោក គីម ជុងអ៊ុន ក៏បានត្រួតពិនិត្យ «នាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿងដែលកំពុងសាងសង់» ក្នុងខែមករា ឆ្នាំ២០២៤ ប៉ុន្តែមិនមានរូបភាពនៃដំណើរទស្សនកិច្ចនេះត្រូវបានចេញផ្សាយទេ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print