ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក និងសម្ភារវេចខ្ចប់ របស់ក្រុមហ៊ុន CAMBODIAN KECHUANG MATERIAL CO., LTD ដែលមានទីតាំងស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ។
ប្រធានក្រុមហ៊ុន លោក YU WEN សញ្ជាតិចិន ដាក់ទុនវិនិយោគសរុប ប្រមាណ ៥២៤,០០០ ដុល្លារអាមេរិក លើផ្ទៃដីសរុប ១,២០០ ម៉ែត្រការ៉េ។ ក្រុមហ៊ុននេះផលិតគ្រាប់ប្លាស្ទិក និង ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំផ្សេងៗទៀត ហើយពេលផលិតបានអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅ បរទេស។
ទន្ទឹមនេះ ក្រុមហ៊ុនត្រូវការបុគ្គលិកសរុប ៤១នាក់ ក្នុងស្រុក ៣៦នាក់ និងបរទេស ៥នាក់ ។ រោងចក្រដំណើរការជួសជុលរៀបចំកែលម្អទៅតាមស្តង់ដា នៅខែធ្នូ ២០២៥ ដោយតាមការគ្រោងទុកក្នុងខែកុម្ភៈ ២០២៦ អាចបញ្ចប់ការជួសជុល ហើយខែមីនា ២០២៦ នឹងចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការ។
ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមហ៊ុនរួមមាន ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន។
ទន្ទឹមនឹងនេះ ត្រូវរៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់។
លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុនបញ្ជាក់ឱ្យបានច្បាស់ពីប្រភពនៃសំណល់ប្លាស្ទិកដែលយកមកកែច្នៃ ដើម្បីងាយស្រួលដល់អាជ្ញាធរក្នុងការគ្រប់គ្រង ៕
ដោយ៖តារា










