ភ្នំពេញ៖ ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើ ឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ ស៊ីវិល បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចខាងក្រោម៖
១-ករណីពលរដ្ឋស្លាប់ និងរបួសថ្មី៖ គ្មាន។ គិតសរុបពីថ្ងៃទី៧ ខែធ្នូ មកដល់ពេលនេះ មានពលរដ្ឋស្លាប់ ចំនួន៣០នាក់ និងរបួសចំនួន៨៧នាក់។
២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក មានជនភៀសសឹកសរុប ៦៣៦.៦៧៩នាក់ ក្នុងនោះស្ត្រី ៣៣១.៨៥០នាក់ និងកុមារ២០២.៤៥៥នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មី៖ គ្មាន។ គិតសរុបពីថ្ងៃទី៧ ខែធ្នូមក ការខូចខាត ទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះពលរដ្ឋ១២៤ខ្នង អគារឯកជន៦ទីតាំង អគារស្នាក់នៅ/សណ្ឋាគារ៥ទីតាំង ស្ថានីយ៍ប្រេង១ទីតាំង រថយន្ត២៧គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១កន្លែង អគារឃ្លាំងទំនិញ១កន្លែង បង្គោល អង់តែនទូរសព្ទ២កន្លែង។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ រួមមាន សាលារៀន៦កន្លែង មណ្ឌលសុខភាព២ កន្លែង អគារ១៣កន្លែង វត្ត៥កន្លែង សាលាឆទាន១កន្លែង រថយន្ត១គ្រឿង ប្រាសាទបុរាណមួយចំនួន ស្ពាន៥ កន្លែង ផ្សារ១កន្លែង និងផ្លូវ២កន្លែង។ មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់ រួមមានស្ត្រី ជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ។ ជាក់ស្តែងនៅស្រុកបាណន់ ខេត្តបាត់ដំបង កុមារតូចៗ និងសិស្សជាច្រើនរយនាក់ បានសម្រុករត់ចេញពីសាលារៀន ខ្លះវង្វេងឪពុកម្តាយ ព្រោះតែភិតភ័យដោយសារយន្តហោះចម្បាំងថៃទម្លាក់គ្រាប់យ៉ាងព្រៃផ្សៃ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវមិត្តបរទេស ជាពិសេស អាម៉េរិក ចិន ម៉ាឡេស៊ី និងមិត្តអាស៊ាន បន្តសកម្មភាព ជ្រោមជ្រែងពន្លត់ភ្លើងសង្គ្រាមជាស្ថាពរ នាំមកនូវសន្តិភាពជាអចិន្ត្រៃយ៍ ដែលជា បំណងប្រាថ្នាតាំងពីដើមរបស់កម្ពុជា។ ដូចជំហរកម្ពុជាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយជម្លោះ ការកំណត់ខ័ណ្ឌសីមាព្រំដែន តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងយន្តការដែលមានស្រាប់។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកត់ត្រាទុក ដោយក្តីមោទនយ៉ាងក្រៃលែងបំផុត ដែលកូនខ្មែរគ្រប់រូប បានកំពុងបន្តវេញស្មារតីប្រកៀកស្មា គាំទ្រយុទ្ធសាស្រ្តការពារជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ មហាកម្លាំងសាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនវីរយុទ្ធជនជួរ មុខមាន កងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីយ៉ាង អង់អាចជាញជ័យ។ សូមជនរួមជាតិបន្តពង្រឹងស្មារតីព្រលឹងខ្មែរតែមួយនេះ ឱ្យបានឋិតនៅជានិរន្តរ៍…៕ដោយ៖តារា










