ថៃ៖ ប្រទេសថៃ កំពុងក្លាយជាការប្រកួតប្រជែងដ៏មានសារៈសំខាន់បំផុត ដែលត្រូវបានរុំព័ទ្ធទៅដោយកង្វល់ផ្នែកសេដ្ឋកិច្ច ការកែទម្រង់រដ្ឋធម្មនុញ្ញ និងជម្លោះព្រំដែនជាថ្មីជាមួយកម្ពុជា ខណៈប្រធានបទក្ដៅ នៃការបោះឆ្នោតសកលនាខែកុម្ភៈឆ្នាំ២០២៦ខាងមុខនេះរបស់ថៃ។ បញ្ហាទាំងនេះបានគូសបញ្ជាក់ពីការបែងចែកនយោបាយយ៉ាងជ្រាលជ្រៅរវាងកម្លាំងអ្នកចង់ធ្វើកំណែទម្រង់ និងក្រុមអ្នកអភិរក្សនិយម។
សេដ្ឋកិច្ចបានក្លាយជាបញ្ហាចម្បងសម្រាប់អ្នកបោះឆ្នោត ដោយសារកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បំណុលគ្រួសារកើនឡើងដល់ជិត៨៧% នៃផលិតផលក្នុងស្រុកសរុប (GDP) តម្លៃប្រាក់បាតធ្លាក់ចុះ និងតម្លៃថាមពលកើនឡើងដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូល។ បណ្តាគណបក្សនយោបាយទាំងអស់បានដាក់ចេញនូវគោលនយោបាយកាត់បន្ថយការចំណាយលើជីវភាពរស់នៅ ជាចំណុចស្នូលនៃយុទ្ធនាការរបស់ពួកគេ។
គណបក្សភឿថៃ (Pheu Thai) ដែលជាបក្សប្រឆាំង បានសន្យាផ្តល់នូវវិធានការបែបប្រជាភិថុតិ ដែលរំលឹកដល់គោលនយោបាយ «Thaksinomics» នាពេលកន្លងមក រួមមានការសម្រាលបំណុលសម្រាប់កសិករ និងការបញ្ចុះតម្លៃមធ្យោបាយធ្វើដំណើរសាធារណៈ។ ចំណែកគណបក្ស Bhumjaithai ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បានសង្កត់ធ្ងន់លើនិរន្តរភាព និងការផ្តល់សាច់ប្រាក់រយៈពេលខ្លី ទោះបីជាការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតនៅតែមានមន្ទិលសង្ស័យខ្ពស់ក៏ដោយ។ រីឯគណបក្សប្រជាជន (People’s Party) ដែលមាននិន្នាការកំណែទម្រង់ បានផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច រួមទាំងការទប់ស្កាត់ការផ្តាច់មុខ និងការបង្កើនការប្រកួតប្រជែង។
ការបោះឆ្នោតនេះក៏បានក្លាយជាការធ្វើប្រជាមតិជាក់ស្តែងលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយយោធា។ គណបក្សប្រជាជនបានអំពាវនាវឲ្យមានការសរសេររដ្ឋធម្មនុញ្ញឡើងវិញទាំងស្រុងដោយសភា ដែលកើតចេញពីការបោះឆ្នោត ខណៈដែលក្រុមអ្នកអភិរក្សនិយម និងបក្ស Bhumjaithai ចង់បានត្រឹមតែការកែសម្រួលកម្រិតស្រាល ដែលរក្សាទុកនូវតួនាទីរបស់ស្ថាប័នដែលមិនបានកើតចេញពីការបោះឆ្នោត។
ភាពតានតឹងព្រំដែនជាមួយកម្ពុជា បានបន្ថែមនូវចរន្តជាតិនិយមទៅក្នុងយុទ្ធនាការបោះឆ្នោត បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះទឹកដីដ៏រ៉ាំរ៉ៃបានជំរុញឲ្យមានការបោះឆ្នោតមុនអាណត្តិ។ លោក Anutin បានបង្ហាញខ្លួនឯងថាជាមេដឹកនាំ «សម័យសង្គ្រាម» ដោយស្វែងរកការគាំទ្រតាមរយៈវោហារសាស្ត្រសន្តិសុខជាតិ ខណៈដែលគណបក្សប្រជាជនបានរិះគន់រដ្ឋាភិបាលថាបានបរាជ័យក្នុងកិច្ចការការទូត ដែលជាវិធីសាស្ត្រមួយមានហានិភ័យនយោបាយខ្ពស់ ក្នុងបរិយាកាសជាតិនិយមបែបនេះ។
ទោះបីជាអំណាចរបស់ព្រឹទ្ធសភា (ដែលមិនបានកើតចេញពីការបោះឆ្នោត) ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបានអស់សុពលភាពក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ថា យោធា និងប្រព័ន្ធតុលាការនៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំង ដែលបង្កឲ្យមានក្តីបារម្ភថា សេចក្តីសម្រេចរបស់តុលាការ ឬការជ្រៀតជ្រែកណាមួយ អាចនឹងធ្វើឲ្យរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតជួបការរអាក់រអួលម្តងទៀត។
ចំណុចរសើបមួយទៀត គឺច្បាប់ប្រមាថអង្គព្រះមហាក្សត្រ ឬមាត្រា១១២។ គណបក្សប្រជាជនបានបន្តអំពាវនាវឲ្យមានការកែសម្រួលច្បាប់នេះ ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង ប៉ុន្តែរងការប្រឆាំងយ៉ាងខ្លាំងក្លាពីក្រុមអ្នកអភិរក្សនិយមរាជានិយម និងបង្កើនហានិភ័យនៃបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងបក្សខ្លួនឯង។
ជាស្នូលសំខាន់ ការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីការតស៊ូដ៏ទូលំទូលាយរវាងការទាមទារឲ្យមានកំណែទម្រង់នយោបាយពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអំណាចប្រពៃណីរបស់ថៃ ដើម្បីរក្សាស្ថិរភាពនៅក្នុងប្រព័ន្ធនយោបាយដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដែលជាអតុល្យភាពមួយដែលបាននាំឲ្យមានការរំលាយគណបក្ស និងការដកតំណែងនាយករដ្ឋមន្ត្រីដោយតុលាការជាដដែលៗ៕ដោយ៖តារា
រូបតំណាង (រូបថត៖ Reuters)










