ចាប់តាំងពីប្រទេសជប៉ុនបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារដោយខ្លាឃ្មុំដ៏សាហាវមក លោក Koji Suzuki បានតស៊ូដើម្បីតាមទាន់តម្រូវការសាច់ខ្លាឃ្មុំនៅភោជនីយដ្ឋានរបស់គាត់នៅ Chichibu ជិតទីក្រុងតូក្យូ។
សាច់ខ្លាឃ្មុំនៅភោជនីយដ្ឋានរបស់គាត់ជាធម្មតាត្រូវបានដុតលើថ្មក្តៅ ឬធ្វើស៊ុបជាមួយបន្លែ។ គាត់ក៏បម្រើសាច់សត្វក្តាន់ និងជ្រូកព្រៃផងដែរ ប៉ុន្តែសាច់ខ្លាឃ្មុំកាន់តែមានប្រជាប្រិយភាពបន្ទាប់ពីមានព័ត៌មានជាច្រើនខែអំពីខ្លាឃ្មុំលួចចូលទៅក្នុងផ្ទះ ដើរលេងក្បែរសាលារៀន ឬបង្កភាពវឹកវរនៅក្នុងផ្សារទំនើប។
លោក Suzuki អាយុ 71 ឆ្នាំបាននិយាយថា “នៅពេលដែលព័ត៌មានអំពីខ្លាឃ្មុំកើនឡើង ចំនួនអតិថិជនដែលចង់ញ៉ាំសាច់ខ្លាឃ្មុំបានកើនឡើងគួរឱ្យកត់សម្គាល់”។
សាច់ខ្លាឃ្មុំនៅភោជនីយដ្ឋានរបស់គាត់បានមកពីខ្លាឃ្មុំដែលត្រូវបានបរបាញ់ក្នុងអំឡុងពេលយុទ្ធនាការមួយដើម្បីទប់ស្កាត់ការវាយប្រហារដោយខ្លាឃ្មុំ។ ក្នុងនាមជាអ្នកប្រមាញ់ខ្លួនឯង លោក Suzuki ជឿជាក់ថា ដើម្បីបង្ហាញការគោរពចំពោះជីវិតរបស់ខ្លាឃ្មុំ “វាជាការប្រសើរជាងក្នុងការយកសាច់របស់វាមកភោជនីយដ្ឋានជាជាងកប់វា”។
ភរិយារបស់គាត់ គឺលោកស្រី Chieko អាយុ 64 ឆ្នាំ ដែលជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន បាននិយាយថា អតិថិជនជច្រើនមិនអាចចូលហាងបរិភោគបានឡើយ ពីព្រោះមិនមានកៅអីទំនេរ ប៉ុន្តែមិនបានបង្ហាញតួលេខកំណើនប្រាក់ចំណូលនោះទេ។
លោក Takaaki Kimura អ្នកនិពន្ធបទចម្រៀងអាយុ 28 ឆ្នាំ ដែលមានសំណាងគ្រប់គ្រាន់ក្នុងការទទួលបានតុនៅភោជនីយដ្ឋាន បាននិយាយថា នេះជាលើកដំបូងដែលគាត់បានភ្លក់សាច់ខ្លាឃ្មុំ។
លោកបាននិយាយពេលកំពុងអង្គុយជាមួយមិត្តភក្តិនៅមុខចង្ក្រានអាំងសាច់ និងឆ្នាំងក្តៅដែលកំពុងពុះកញ្ជ្រោលថា “សាច់នេះមានជាតិទឹកច្រើន ហើយអ្នកទំពារកាន់តែយូ វាកាន់តែមានរសជាតិឆ្ងាញ់”។
តាមរយៈការបាញ់ខ្លាឃ្មុំ ដែលអាចមានទម្ងន់រហូតដល់កន្លះតោន និងរត់លឿនជាងមនុស្ស អាជ្ញាធរជប៉ុនសង្ឃឹមថានឹងទប់ស្កាត់វិបត្តិខ្លាឃ្មុំនៅភាគខាងជើងនៃប្រទេស។ មនុស្ស 13 នាក់បានស្លាប់ដោយសារខ្លាឃ្មុំខាំនៅឆ្នាំនេះ ដែលកើនឡើងទ្វេដងពីឆ្នាំមុន។
វិបត្តិខ្លាឃ្មុំកើតចេញពីចំនួនខ្លាឃ្មុំដែលរីកចម្រើនដោយសារតែចំនួនប្រជាជនជនបទធ្លាក់ចុះ និងដំណាំផ្លែឈឺមិនល្អ ដែលបង្ខំឱ្យខ្លាឃ្មុំចូលទៅក្នុងតំបន់លំនៅដ្ឋានដើម្បីស្វែងរកអាហារ។ រដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយយោធាដើម្បីជួយអ្នកប្រមាញ់ក្នុងការដាក់អន្ទាក់ និងបរបាញ់ខ្លាឃ្មុំ។ ចំនួនខ្លាឃ្មុំដែលត្រូវបានសម្លាប់បានឈានដល់ជាង 9,100 ក្បាល។
ទោះបីជាមិនមែនជាអាហារឆ្ងាញ់ធម្មតាក៏ដោយ សាច់ខ្លាឃ្មុំត្រូវបានគេបរិភោគជាយូរមកហើយនៅតំបន់ភ្នំជនបទនៃប្រទេសជប៉ុន។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថាសាច់ខ្លាឃ្មុំនឹងបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍ជនបទ។
ក្រសួងកសិកម្មជប៉ុនបានប្រកាសកាលពីដើមខែនេះថា “វាជារឿងសំខាន់ក្នុងការប្រែក្លាយសត្វព្រៃដែលបង្កគ្រោះថ្នាក់ទៅជាអ្វីដែលវិជ្ជមាន”៕
រូបថត: vnexpress










