កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ

ចែករំលែក៖

កូរ៉េខាងជើងបានបាញ់មីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ ដែលជាអាវុធដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងអំឡុងពេលសមយុទ្ធត្រៀមប្រយុទ្ធ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃនេះថា យោធារបស់ប្រទេសនេះបានធ្វើសមយុទ្ធនេះកាលពីថ្ងៃមុន ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធ និងប្រឆាំងការវាយប្រហាររបស់អង្គភាពមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដោយជួយទាហានឱ្យធ្វើជាម្ចាស់លើនីតិវិធីបាញ់ និងសាកល្បងភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រ។
យោធាកូរ៉េខាងជើងបានបាញ់មីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយពីរគ្រាប់ ដែលបានវាយប្រហារគោលដៅរបស់ពួកគេបន្ទាប់ពីហោះហើររយៈពេល 5 ម៉ោង និង 40 នាទី។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យប្រតិបត្តិការនេះ។
រូបភាពដែលចេញផ្សាយដោយ KCNA បានបង្ហាញថា មីស៊ីលបានចាកចេញពីជើងទម្របាញ់បង្ហោះចល័តដែលដាក់ពង្រាយនៅលើស្ពានមួយ បន្ទាប់មកបានធ្លាក់ចូលទៅក្នុងរចនាសម្ព័ន្ធសត្រូវដែលមានកំពែងរឹងមាំនៅលើឆ្នេរសមុទ្រ។
កូរ៉េខាងជើងមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតអំពីអាវុធនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងតែងតែប្រើពាក្យ “យុទ្ធសាស្ត្រ” ដើម្បីសំដៅទៅលើអាវុធដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ប្រទេសនេះបានសាកល្បងមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ២០២១។

លោកគីម ជុងអ៊ុន បានសម្តែងការពេញចិត្ត ដោយវាយតម្លៃថាសមយុទ្ធនេះបង្ហាញពី «ភាពជឿជាក់ដាច់ខាត និងសមត្ថភាពប្រឆាំងការវាយប្រហារជាយុទ្ធសាស្ត្រ» របស់កូរ៉េខាងជើង។ លោកបានណែនាំយោធាឱ្យត្រួតពិនិត្យ និងបង្ហាញពីកម្លាំងរបស់អង្គភាពនានាក្នុងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួនជាប្រចាំ ដោយអះអាងថា នេះជាសមយុទ្ធការពារខ្លួន។
យោធាកូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូថា ខ្លួនបានរកឃើញមីស៊ីលជាច្រើនគ្រាប់ដែលបាញ់ចេញពីតំបន់ Sunan ជិតរដ្ឋធានីព្យុងយ៉ាង ដោយព្យាករណ៍ថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print