ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មូលនិធិតេជោ១២៥ បាន អញ្ជើញ ដឹក នាំ ប្រតិភូ គោរព វិញ្ញាណ ក្ខន្ធ អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីនខេត្តស្វាយរៀង ដែលបានរៀបចំនៅក្នុងបរិវេណវត្តសំបួរ ស្ថិតក្នុង ស្រុក ស្វាយ ទាប ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។
គួររំលឹកផងដែរថា លោកស្រី គង់ សារឿន បានទទួលមរណភាព នាថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវ នឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោកស្រី គឺការបាត់បង់នូវម្ដាយបង្កើត ម្ដាយក្មេក និងជីដូន ដែលប្រកបដោយសង្គហធម៌ និង ព្រហ្មវិហារ ធម៌ ជាទី គោរព ស្រឡាញ់ បំផុត ដែលពេញមួយជីវិត លោកស្រី គង់ សារឿន បានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និង ផ្ដល់ ដំបូន្មានដល់កូនៗ និងចៅឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គម និងជាការ បាត់បង់ នូវ វីរនារី ឆ្នើម មួយ រូប ដែលមានជំនាញដោះមីនដំបូងគេនៅកម្ពុជា តាំងពីជំនាន់ទសវត្សរ៍ទី៨០ និងបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ដែលគំរូវីរភាពរបស់លោកស្រី និងចងចាំដល់កូនចៅជំនាន់ក្រោយគ្រប់រូបៗ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំនូវសាររំលែកទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសព និង បាន បង្ហាញ នូវ ការ សោក ស្តាយ ចំពោះ ការ បាត់ បង់ធនធានមនុស្ស ដ៏ ឆ្នើម ផ្នែក ដោះមីន នាពេល នេះ និង បាន នាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបុណ្យសពផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយលោក ភោគ សំអាល់ ត្រូវជាកូនប្រុសបង្កើត ព្រម ទាំង ក្រុមគ្រួសារ និងសូមបួងសួងដល់តេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោកស្រី គង់ សារឿន បាន ទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនោះ លោក ភោគ សំអាល់ តំណាងឱ្យក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណ និងដឹងគុណ យ៉ាង ជ្រាល ជ្រៅ ជាទី បំផុត ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់ក្រុមគ្រួសារលោក និងសូមគោរពជូនពរ សម្តេចទាំងទ្វេរ សូម ទទួល បាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ៕
ដោយ ៖ សិលា










