ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន ០៤នាក់ត្រូវបានកម្លាំងកងការពារសន្តិសុខរបស់វិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) បានឃាត់ខ្លួន ខណៈដែលមនុស្សទាំង ០៤នាក់ខាងលើធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក (ដ្រូន) នៅចំណុចលើផ្លូវជាតិលេខ ៤ ដើម្បីរុករករ៉ែ ក្នុងកំឡុងពេលដែលរដ្ឋបាលខេត្តកំពង់ស្ពឺ និងទូទាំងប្រទេសធ្វើការហាមឃាត់ ។
ការឃាត់ខ្លួនមនុស្ស៤នាក់បានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩១ ទៅលេខ ៩២ ស្ថិតនៅក្នុងភូមិទី ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មន្ត្រីសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនមនុស្សទាំង៤នាក់ខាងលើគឺនៅវេលាម៉ោង១០ និង ៤០នាទីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងកង ការពារសន្តិសុខរបស់វិទ្យាស្ថាននាយទាហានចម្រុះ (ថ្លុកតាសេក) បានឃាត់ខ្លួនមនុស្ស៤នាក់ ៖ ទី ១-ឈ្មោះ សំ រាជ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិសំពោងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, ទី.២-ឈ្មោះ យន់ ប៊ុនឆាយ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងទី,៣- ឈ្មោះ មៀច វិបុលរាជ្យ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី ៤- ឈ្មោះ ទូច វណ្ណា ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ បុរសទាំង ៤នាក់ជាក្រុមការងារក្រុមហ៊ុនឯកជនរុករករ៉ែប្រេង ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល សហការជាមួយក្រសួងរ៉ែនិងថាមពល ដែលបានធ្វើសកម្មភាពបង្ហោះយានគ្មានមនុស្សបើក (ដ្រូន)នៅចំណុចលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ៩១-៩២ ស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺខាងលើ ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងថា ករណីខាងលើនេះខាងវិទ្យាស្ថានបានប្រគល់ជូននគរបាលស្រុកភ្នំស្រួចដូចខាងក្រោម ៖
-មនុស្សចំនួន ០៤នាក់
-ទូរសព្ទដៃចំនួន ០៤គ្រឿង ( IPHONE 03)(Samsung 01)
-កុំព្យូទ័រ laptop ចំនួន ០៣គ្រឿង( Apple 01) (Dell 02)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៤សន្លឹក
-ម៉ាស៊ីនចុច GPS ចំនួន ០១គ្រឿង
-កាបូបស្ពាយចំហៀងចំនួន ០១ ពណ៌ខ្មៅ
-រថយន្ត ០១គ្រឿងម៉ាក toyota highlander ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-9928 ។
-ចំពោះវត្ថុតាងដ្រូនខាងវិទ្យាស្ថានដកហូតរក្សាទុក ។
បច្ចុប្បន្នមនុស្សទាំង៤នាក់ត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បណ្តោះអាសន្នសិន ៕










