ទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកទេសដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មេទ័ពខ្មែរ ក៏ដូចជាកងទ័ពខ្មែរគ្រប់រូប និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់សត្រូវ។

ការមកជួបសួរសុខទុក្ខនេះ មិនត្រឹមតែជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការកោតសរសើរ ការគាំទ្រ ការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឆ្នើម និងស្មារតីតស៊ូ អង់អាចក្លាហាន មោះមុត របស់មេទ័ព និងកងទ័ពខ្មែរ ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលសមនឹងទទួលបានការដឹងគុណ ការកោតសរសើរនិងការគោរពយ៉ាងខ្ពង់ខ្ពស់ពីប្រជាជនខ្មែរទាំងអស់។

ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បាននាំយកថវិកា ជូនដល់មេទ័ព ដោយផ្ទាល់ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាពគ្រួសារ។ ការឧបត្ថម្ភនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីឱ្យមេទ័ពអាចផ្តោតតែលើភារកិច្ច ការរៀបចំយុទ្ធសាស្រ្ត និងការបញ្ជាកងទ័ព ក្នុងការតស៊ូប្រយុទ្ធ និងការពារប្រទេសជាតិ ដោយមិនមានការព្រួយបារម្ភចំពោះបញ្ហាជីវភាពគ្រួសារនៅខាងក្រោយ។ មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច។

មិនតែប៉ុណ្ណោះទេ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយគាំទ្រមេទ័ព និងប្រជាជនដែលរងផលប៉ះពាល់ តាមរយៈមធ្យោបាយផ្សេងៗជាច្រើន រួមមាន (១) ការដាក់ពាក្យបណ្តឹងដើម្បីការពារសិទ្ធិស្របច្បាប់ទៅតាមគ្រប់យន្តការអន្តរជាតិ តំបន់ ជាពិសេសទៅទីស្នាក់ការកណ្តាលសិទ្ធិមនុស្សអន្តរជាតិ នៅទីក្រុងហ្សឺណែវ (២) ការធ្វើកិច្ចសន្ទនាជាមួយដៃគូអន្តរជាតិ និងអង្គទូតនានា ដើម្បីបញ្ជាក់ពីការរងគ្រោះរបស់កម្ពុជា និងឱ្យពួកគេធ្វើការគាំទ្រភាពត្រឹមត្រូវរបស់កម្ពុជា និង (៣)ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរងរបួស ក្រុមគ្រួសារ និងជនភៀសសឹកផងដែរ។

ជារួម ការយកចិត្តទុកដាក់ និងការគាំទ្រពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ គឺជាកត្តាគន្លឹះក្នុងការលើកកម្ពស់ស្មារតីមេទ័ព និងកងទ័ព ព្រមទាំងការពង្រឹងឯកភាពជាតិ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពរវាងរដ្ឋ និងប្រជាជន ក្នុងការរួមគ្នាការពារជាតិ និងសន្តិភាព។

...

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ហោ ជិនវិរយុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារ ដែលបានជួយសម្របសម្រួលក្នុងដំណើរសួរសុខទុក្ខនេះ។ លោកទេសរដ្ឋមន្រ្តី ក៏បានប្រគល់ជូននូវរូបចម្លាក់ព្រះវិស្ណុ ដើម្បីតាមជួយថែរក្សា ការពារ ព្រមទាំងជូនពរ ដល់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងឈ្នះអស់មារសត្រូវ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print