ករណីបុគ្គលឈ្មោះ YAMADA TAIHEI ពាក់ព័ន្ធ​អំពើរំលោភលើទំនុកចិត្ត​ ខណៈ​ជនរងគ្រោះកំពុងស្វែងរកអន្តរាគមន៍ពីក្រសួងយុត្តិធម៌​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖ ករណីបុគ្គលឈ្មោះ YAMADA TAIHEI ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន វ៉ាយវ៉ាយ ឃែភីថល ផាតនើរ ខូ អិលធីឌី បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តក្នុងដំណើរការអាជីវកម្ម​ ត្រូវ​បានអ្នកវិនិយោគ និងជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន វ៉ាយវ៉ាយ ឃែភីថល ផាតនើរ ខូ អិលធីឌី (YY CAPITAL PARTNERS CO., LTD.) បានធ្វើលិខិតចំនួនពីរដាច់ដោយឡែកពីគ្នាដើម្បីសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ពីសំណាក់ក្រសួងយុត្តិធម៌​ នៃប្រទេសកម្ពុជា។

ជាក់ស្ដែង​យោងតាមលិខិតមួយក្នុងចំណោមលិខិតស្នើសុំអន្តរាគមន៍ទាំងពីររបស់ជនរងគ្រោះ ត្រូវបានដាក់ជូនក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងរកការគាំទ្រ សម្រាប់ដំណើរការផ្តល់យុត្តិធម៌ដល់រូបលោក ដែលត្រូវបានកិបកេង គៃបំបាត់ និងរំលោភលើទំនុកចិត្តក្នុងដំណើរការអាជីវកម្ម ដោយប្រធានក្រុមប្រឹក្សាភិបាលនាពេលបច្ចុប្បន្ននៃក្រុមហ៊ុន វ៉ាយវ៉ាយ ឃែភីថល ផាតនើរ ខូ អិលធីឌី គឺលោក YAMADA TAIHEI ដែលជាជនជាតិជប៉ុនដូចគ្នា។

នៅក្នុងលិខិតស្នើសុំអន្តរាគមន៍អង្គភាពសារព័ត៌មាន​នគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ ទទួលបាន​បានរៀបរាប់អំពីដំណើររឿងនៃការកិបកេង គៃបំបាត់ និងរំលោភលើទំនុកចិត្តនេះ កើតចេញពីការប្រើប្រាស់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់លោក YAMADA TAIHEI ក្នុងការបំប៉ោងតួលេខតម្លៃទិញអចលនទ្រព្យជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តោះអាសន្នត្រូវបានរកឃើញថា មានទឹកប្រាក់ប្រមាណ ៤ (បួន) លានដុល្លារអាមេរិកត្រូវបានកេងចំណេញ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ បន្ថែមពីនេះ លោក YAMADA TAIHEI ក៏បានធ្វើការសម្រេចចិត្តដោយបំពានតួនាទី និងសិទ្ធិរបស់ម្ចាស់ភាគហ៊ុនផ្សេងទៀត ក្នុងការបង្កើតប្រតិបត្តិការអាជីវកម្ម មិនពិតប្រាកដមួយចំនួនទៀត ដូចជា ករណីកម្ចីក្នុងទឹកប្រាក់ជាង ៧ (ប្រាំពីរ) លានដុល្លារអាមេរិក ដោយប្រើឈ្មោះក្រុមហ៊ុនជប៉ុនល្បីៗដើម្បីបោកបញ្ឆោតជនរងគ្រោះ ការក្លែងឯកសារ
រួមទាំងការបង្វែរសាច់ប្រាក់មិនប្រក្រតីមួយចំនួនធំទៀត ជាមួយបណ្តាក្រុមហ៊ុនសំបក (Shell Company) ជាច្រើន ដែលត្រូវបានបង្កើតឡើងដោយលោក YAMADA TAIHEI និងគូកន ដែលនេះអាចជាប់ពាក់ព័ន្ធនឹងករណីសំអាតប្រាក់ ដែលបានមកពីការកិបកេង និងបទល្មើសមួយចំនួនទៀត។

ជាក់ស្ដែងមានគេរកឃើញថា ទឹកប្រាក់មួយផ្នែកដែលលោក YAMADA TAIHEI បានកិបកេង ត្រូវបានផ្ទេរទៅកាន់គណនីធនាគារមួយនៅក្រៅប្រទេសកម្ពុជា ដែលកាន់កាប់ដោយប្រពន្ធជនជាតិចិន របស់លោក ឈ្មោះ YE JUN ។ ជាមួយគ្នានេះផងដែរបុគ្គលឈ្មោះ YAMADA TAIHEI ត្រូវបានសង្ស័យថា បានបង្កើតក្រុមហ៊ុនសំបកជាច្រើន នៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ជប៉ុន រួមទាំងប្រទេសកម្ពុជាផងដែរ ដោយជ្រើសរើសបុគ្គលមួយចំនួនមកឈរឈ្មោះឱ្យ (មិនប្រើប្រាស់ឈ្មោះខ្លួនឯង) ប៉ុន្តែរាល់គណនីធនាគារ និងប្រតិបត្តិការផ្ទេរប្រាក់នៃបណ្តាក្រុមហ៊ុនទាំងនោះ ត្រូវបានគ្រប់គ្រង និងចាត់ចែងដោយបុគ្គល YAMADA TAIHEI ខ្លួនឯងផ្ទាល់។

នៅប្រទេសកម្ពុជា លោក YAMADA TAIHEI រួមជាមួយនឹងបក្ខពួក ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការ ក្នុងសំណុំរឿងព្រហ្មទណ្ឌយ៉ាងតិចចំនួនពីរផ្សេងគ្នា ហើយទ្រព្យសម្បត្តិ និងគណនីធនាគារជាច្រើនត្រូវបានបង្កកដោយដីការបស់តុលាការ និងមានសំណុំរឿងមួយចំនួនទៀតកំពុងបើកការស៊ើបអង្កេត។ បន្ថែមពីនេះ អាជ្ញាធរមានសមត្ថកិច្ច និងយុត្តាធិការនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីមួយចំនួនដូចជា ចិន ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិក ក៏កំពុងធ្វើការស្រាវជ្រាវលើករណីបុគ្គលឈ្មោះ YAMADA TAIHEI ពាក់ព័ន្ធនឹងការកិបកេងហិរញ្ញវត្ថុ ការបង្វែរសាច់ប្រាក់ដែលមានប្រភពមិនច្បាស់លាស់ ការក្លែងឯកសារ និងករណីរំលោភលើទំនុកចិត្ត រួមទាំងសំណុំរឿងសំអាតប្រាក់ផងដែរ។

តាមរយៈលិខិតស្នើសុំអន្តរាគមន៍ និងស្នើសុំការគាំទ្រឱ្យមានយុត្តិធម៌របស់ជនរងគ្រោះដែលបានផ្ញើជូនក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា ជនរងគ្រោះសង្ឃឹមថា ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់នៃប្រទេសកម្ពុជានឹងធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ បំពេញនូវគ្រប់កិច្ចស៊ើបសួរ សំដៅធានាដល់ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយត្រូវប្រាកដថា ជនល្មើសនឹងត្រូវបានផ្តន្ទាទោសឱ្យបានសមស្រប ។ ការស្នើសុំអន្តរាគមន៍ខាងលើនេះ បានកើតឡើង នៅពេលដែលជនរងគ្រោះមានការបារម្ភអំពីការអន្តរាគមន៍ជួយដល់បុគ្គល YAMADA TAIHEI ដោយខុសច្បាប់ពីសំណាក់អ្នកមាន ឥទ្ធិពលមួយចំនួន រួមទាំងអ្នកអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ក្នុងប្រទេសកម្ពុជាផងដែរ ដែលផ្តល់ឱកាសដល់បុគ្គលជាជនត្រូវចោទនេះ រួមទាំងបក្ខពួក រត់គេចខ្លួនពីចំណាត់ការផ្លូវច្បាប់ អាចធ្វើការគំរាមកំហែងសាក្សី និងបំផ្លាញភស្តុតាង ជាដើម។

ក្តីសង្ឃឹមរបស់ជនរងគ្រោះចំពោះក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ ស្របតាមនីតិវិធីច្បាប់ជាធរមាន គឺជាការការពារ និងផ្តល់នូវទំនុកចិត្តដល់បណ្តាវិនិយោគិនសុច្ចរិត ក៏ដូចជារួមចំណែកក្នុងការលុបបំបាត់នូវការបំពានច្បាប់ពីសំណាក់ បុគ្គលខិលខូចមួយចំនួនដែលជ្រកក្រោមឈ្មោះអ្នកវិនិយោគ ។

គួរបញ្ជាក់ផងដែរថា បុគ្គលឈ្មោះ YAMADA TAIHEI គឺជានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University of California, Berkeley និងជាអតីតបុគ្គលិកធនាគារ Norinchukin Bank នៃប្រទេសជប៉ុន ។ បច្ចុប្បន្ន លោកក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា Amara Capital Plc. ព្រមទាំងធ្លាប់ត្រូវបានចុះផ្សាយក្នុងកាសែត Los Angeles Times ផងដែរ ។ លើសពីនេះទៅទៀត បុគ្គលនេះក៏ជាអ្នកដែលមានបទពិសោធន៍លើវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងមូលធនសម្រាប់អ្នកវិនិយោគ ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគជាច្រើន មានការទុកចិត្តលើបុគ្គលរូបនេះ ប៉ុន្តែចុងក្រោយ រូបគាត់បែរជាប្រព្រឹត្តនូវអំពើកិបកេង គៃបំបាត់ និងរំលោភលើទំនុកចិត្តចំពោះអ្នកបណ្តាក់ទុន ដែលបានផ្តល់សេចក្តីទុកចិត្តលើរូបគាត់ទៅវិញ៕ដោយ​៖តារា​

...

ប្រភព​៖FN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print