ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលឱ្យដឹងនៅថ្ងៃទី០២ខែមករា ឆ្នាំ២០២៦នេះថា ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើ សកម្មភាពជិះម៉ូតូតាមធាក់ផ្តួលជនរងគ្រោះ រួចដកដាវគំរាមប្លន់យកម៉ូតូបានសម្រេច កាលពីពេលថ្មីៗនេះ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ហេតុការណ៍នេះកើត ឡើង កាលពីថ្ងៃទី៣០ ធ្នូ ២០២៥ វេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ លោកអធិការ បានបន្តថា នៅមុនពេលកើតហេតុ ជនរង គ្រោះឈ្មោះ ឡូញ ប៊ុនឡូ ភេទប្រុស អាយុ២៣ឆ្នាំ បានជិះម៉ូតូជាមួយប្រពន្ធត្រឡប់ពីរាជធានីភ្នំពេញទៅផ្ទះនៅខេត្ដកំពង់ស្ពឺ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ ២ គ្រឿង តាមពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចដកដាវបម្រុងកាប់ទៅលើជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ ទើបក្រុមជនសង្ស័យលើកយកម៉ូតូជិះគេចខ្លួនបាត់។
លោកអធិការ បានបញ្ជាក់ទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១ មករា ២០២៦ វេលាម៉ោង ១០:៣០នាទី ទើបសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់។ ជន សង្ស័យទី១ ឈ្មោះ អេង សុផាត ភេទប្រុស អាយុ២០ឆ្នាំ និងទី២ ឈ្មោះ រាជ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ដែលធ្លាប់ជាប់ពន្ធនាគារ ១ឆ្នាំ ផងដែរ។ ចំណែកបក្ខពួកម្នាក់ ទៀតឈ្មោះ ម៉ា ភេទ ប្រុស អាយុ ប្រហែល៣០ឆ្នាំ កំពុងគេចខ្លួន។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០២៥ (ស្លាកលេខ ភ្នំពេញ 1LL-8546), ទូរស័ព្ទដៃ ៣គ្រឿង, កូនកាំបិត ១, និងម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ១កញ្ចប់ (ទម្ងន់ ១,៦០ក្រាម)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូពីជនរងគ្រោះពិតមែន ហើយលទ្ធផលតេស្តទឹកនោមជនសង្ស័យទាំង ២នាក់ គឺវិជ្ជមានសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










