មានមនុស្ស១៥០០នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសអុីរ៉ង់ កាលពីឆ្នាំ២០២៥

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រុមឃ្លាំមើលសិទ្ធិមនុស្សអ៉ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសន័រវែស កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រទេសអ៉ីរ៉ង់បានប្រហារជីវិតមនុស្សសរុបយ៉ាងហោចណាស់១៥០០នាក់កាលពីក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងការប្រើប្រាស់ទោសប្រហារជីវិត។

លោក Mahmood Amiry-Moghaddam ដែលជានាយករបស់ក្រុមឃ្លាំមើលខាងលើ បាននិយាយថា វាគឺជាចំនួនមិនធ្លាប់មានទេ គិតក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ ពោលគឺតាំងពីអង្គការនេះមានវត្តមានមក ពួកគេមិនដែលឃើញតួលេខខ្ពស់យ៉ាងដូច្នេះឡើយ។ យោងតាម IHR កាលពីក្នុងឆ្នាំ២០២៤ អ៉ីរ៉ង់បានប្រហារជីវិតមនុស្សយ៉ាងហោចណាស់៩៧៥នាក់។
លោក Amiry-Moghaddam បានបន្តថា ប្រមាណជាពាក់កណ្តាលនៃចំនួនខាងលើ គឺជាង៧០០នាក់ គឺត្រូវបានប្រហារជីវិតពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ តួលេខនៃការប្រហារជីវិត បានកើនឡើងយ៉ាងគំហុកនៅអ៉ីរ៉ង់ ចាប់តាំងពីបាតុកម្មដ៏កក្រើក ដែលបានផ្ទុះឡើងកាលពីខែកញ្ញា ឆ្នាំ២០២២។ ចំនួននោះបានកើនពីជាង៥០០នាក់ក្នុងឆ្នាំ២០២២ មកជាង៨០០នាក់នៅឆ្នាំ២០២៣ និង៩៧៥នាក់នៅឆ្នាំ២០២៤ ហើយយ៉ាងហោច១៥០០នាក់កាលពីក្នុងឆ្នាំមុន។
ប៉ុន្មានថ្ងៃចុងក្រោយមកនេះ ក៏មានការធ្វើបាតុកម្មថ្មីនៅប្រទេសអ៉ីរ៉ង់ផងដែរ ហើយបណ្តាលឱ្យមានមនុស្សមួយចំនួនបាត់បង់ជីវិត និងរាប់សិបនាក់ត្រូវបានចាប់ខ្លួន ខណៈវាផ្តើមឡើងស្របពេលជីវភាពប្រជាជនបានរងការលំបាកដោយសារស្ថានភាពសេដ្ឋកិច្ច ក៏ប៉ុន្តែបើប្រៀបធៀបជាមួយបាតុកម្មកាលពីឆ្នាំ២០២២ គឺវាមិនមានទំហំធំខ្លាំងនោះទេ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print