ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅលេងកម្សាន្តឆ្លងឆ្នាំនៅខេត្តកំពត ប្រាថ្នាសូមឱ្យប្រទេសកម្ពុជាមានសន្តិភាព

ចែករំលែក៖

ខេត្ត​កំពត​៖​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ីណុល បាន​ឱ្យដឹង​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ដែល​ទៅ​លេង​កម្សាន្ត​នាឱកាស​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត បាន​ប្រាថ្នា សូម​ឱ្យប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព។

ជាក់ស្ដែង​កាលពី​រាត្រី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ ឆ្លង​ចូល ឆ្នាំ ២០២៦ នៅ​ខេត្ត​កំពត​ តាមការរៀបរាប់របស់ប្រជាពលរដ្ឋ​ បានឱ្យដឹងថា​ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ច្រើន ទោះបីជា​មិន​មាន​ការ​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ ដើម្បី​អបអរសាទរ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ក៏ដោយ។ ចំពោះ​ឥរិយាបថ​របស់​អ្នក​ចូលរួម​ឆ្លង​ឆ្នាំ មាន​លក្ខណៈ​ជា​ការ​សម្រាក​លម្ហែ​ធម្មតា គ្មាន​ការ​រាំង​ច្រៀង និង​បាញ់​កាំជ្រួច​ដូច​ឆ្នាំ​មុនៗ ទេ ព្រោះ​ពួកគាត់​នៅ​បារម្ភ និង​គិតគូរ​សុខទុក្ខ​របស់​ជនភៀសសឹក និង​កងទ័ព​ជួរមុខ ហើយ​ប្រាថ្នា​សូម​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព។

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ក៏បានលើក​ឡើង​ថា រាល់​ពេល​បុណ្យទាន ពួកគាត់​ពិបាក​បំភ្លេច​ខេត្ត​កំពត​ណាស់។ ជាក់ស្ដែង​ក្នុង​បរិបទ​បច្ចុប្បន្ន បើ​ទោះ​ជា​ជួប​រឿង​លំបាក​ដោយសារ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​ឆ្លៀត​ដើម្បី​បាន​មក​ដើរ​លម្ហែ និង​ឆ្លង​ឆ្នាំ​នៅ​ខេត្ត​កំពត​ដែរ។ ពួកគាត់ បញ្ជាក់​ថា ការ​ទៅ​លេង​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ត​កំពត ឆ្នាំនេះ ដើម្បី​បន្ធូរ​បន្ថយ​អារម្មណ៍​តានតឹង​ពី​បញ្ហា​ព្រំដែន ពិសេស​ទិដ្ឋភាព​ទុក្ខ​លំបាក​របស់​កងទ័ព​ជួរមុខ និង​ជន​ភៀស​សឹក។

តែ​យ៉ាងណាក៏ដោយ បន្ទាប់ពី​វីរ​កងទ័ព ១៨ រូប របស់​កម្ពុជា ត្រូវ​បាន​ថៃ​ដោះលែង​ត្រឡប់​មក​កម្ពុជា​វិញ តាម​ស្មារតី នៃ​កិច្ចប្រជុំ GBC ក៏ដូចជា​បទ​ឈប់​បាញ់ ធ្វើ​ឲ្យ​ពួកគាត់​សប្បាយ​ចិត្ត​មួយ​កម្រិត​ដែរ ហើយ​សង្ឃឹម​ថា ទៅ​ថ្ងៃមុខ កម្ពុជា និង​ថៃ ចាប់​ដៃ​គ្នា សហការ​គ្នា ស្តារ​ចំណង​មិត្តភាព​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ហើយ​កម្ពុជា​មាន​សន្តិភាព​រាប់​រយ​ឆ្នាំ​តទៅ​មុខ។ ជាមួយ​នេះ ពួកគាត់ ក៏បាន​បួងសួង​សូម​ឲ្យ​ជនភៀសសឹក ពិសេស​វីរ​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ជួប​ប្រទះ​តែ​សេចក្តី​សុខ សេចក្តី​ចម្រើន មាន​សុខភាព និង​សុវត្ថិភាព ពិសេស​ឆាប់​បាន​ត្រឡប់​វិល​មក​ជួប​ក្រុម​គ្រួសារ​វិញ។

លោកប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​ឱ្យដឹង​ទៀតថា ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្ត​កំពត​ច្រើន​នៅ​យប់​ឆ្លង​ឆ្នាំ ២០២៥ ចូល ២០២៦នេះ ប៉ុន្តែ​ភ្ញៀវ​មក​ជា​លក្ខណៈ​សម្រាក​លម្ហែ​ធម្មតាៗ ជួបជុំ​ក្រុម​គ្រួសារ មិន​មាន​ការ​ចាក់​ធុងបាស អឺងកង ឬ​បាញ់​កាំជ្រួច​អបអរ​ដូច​ឆ្នាំ​មុនៗ ទេ ដោយសារតែ​អារម្មណ៍​របស់​ពួកគាត់​នៅ​ដិតដាម​ជាមួយ​សុខទុក្ខ​របស់​ជនភៀសសឹក និង​វីរ​កងទ័ព​កំពុង​ឈរជើង​នៅ​ជួរមុខ​នៅឡើយ។

...

លោក​ប្រធាន​មន្ទីរ​រូបនេះ​ បាន​បញ្ជាក់​ថា ទោះជា​រដ្ឋបាល​ខេត្ត​មិន​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ក៏ដោយ ប៉ុន្តែ​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ អាច​មក​ជួបជុំ និង​អង្គុយ​លម្ហែ​នៅ​តាម​សួនច្បារ និង​ឆ្នេរ​កម្សាន្ត​ដង​ព្រែក​កំពង់​បាយ មើល​ទេសភាព និង​សមិទ្ធផល​ទេសចរណ៍​ឯក​ជាច្រើន​របស់​ខេត្ត​កំពត ប្រកប​ដោយ​សុវត្ថិភាព សោភ័ណភាព បរិយាកាស​ស្រស់ស្រាយ​បំផុត ខណៈ​​សេវាកម្ម​ទេសចរណ៍​ផ្សេងៗ រក្សា​តម្លៃ​នៅ​ដដែល និង​រីករាយ​ដូច​ថ្ងៃ​ធម្មតា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print