តើកងកម្លាំងពិសេសអាមេរិក ចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតី ប្រទេសវ៉េណេស៊ុយអេឡា ដោយរបៀបណា ?

ចែករំលែក៖

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសៅរ៍ ទី៣ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បន្ទាប់ពីបើកការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលលើប្រទេសអាមេរិកខាងត្បូងមួយនេះ។ លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ដោយជោគជ័យប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួនរួមជាមួយភរិយា ហើយត្រូវបានដឹកតាមយន្តហោះចេញពីប្រទេសវ៉េណេស៊ុយអេឡាហើយ»។

លោក ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មានផ្លូវការមួយ នៅម៉ោង១១៖០០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថា លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងពិសេសអាមេរិក Delta Force។ ប៉ុន្តែថាតើកងកម្លាំងនេះអាចចូលចាប់ខ្លួនលោក ម៉ាឌូរ៉ូក្នុងប្រទេសវ៉េណេស៊ុយបានយ៉ាងដូចម្ដេច? 

ក្រុមអ្នកវិភាគខ្លះយល់ថាប្រសិនបើសហរដ្ឋអាមេរិកពិតជាបានចាប់ខ្លួនលោក ម៉ាឌូរ៉ូបានពិតមែន នោះប្រតិបត្តិការនេះអាចធ្វើឡើងតាមរយៈការសហការជាមួយផ្ទៃក្នុងវ៉េណេស៊ុយអេឡា ជាជាងការពឹងផ្អែកលើកម្លាំងបាយទាំងស្រុង។ 

* រនុកក្នុង

នៅក្នុងសេណារីយ៉ូនេះ លោក ម៉ាឌូរ៉ូមិនត្រូវបានផ្ទៃក្នុងធ្វើរដ្ឋប្រហារនោះទេ តែអាចត្រូវបានបោះបង់ចោលយ៉ាងស្ងៀមស្ងាត់។ ក្នុងន័យនេះមន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងជួរកងកម្លាំងសន្តិសុខ ឬយោធាវ៉េណេស៊ុយអេឡា ប្រហែលជាបានដកខ្លួនចេញពីការការពាររូបលោក ឬក៏អាចសហការ និងជួយសម្របសម្រួលដល់កងកម្លាំងអាមេរិក។ ប្រព័ន្ធដឹកនាំតាមបែបផ្ដាច់ការជាញឹកញាប់តែងតែដួលរលំតាមផ្លូវមួយនេះ ពោលគឺភាពស្មោះត្រង់ក្នុង ចំណោមមន្ត្រីធំៗបានបាត់បង់នៅក្រោមការដាក់ទណ្ឌកម្ម ការភ័យខ្លាចពីការកាត់ទោស និងការដណ្ដើមអំណាចគ្នា។ នៅពេលអំណាចរដ្ឋាភិបាលចុះទន់ខ្សោយ ការរស់រាន ឬការការពារអំណាចជីវិតនយោបាយរបស់ពួកគេស្ថិតនៅជាអាទិភាពកំពូល។ កាលពីអតីតកាល អតីតមេដឹកនាំប៉ាណាម៉ា លោក Manuel Noriega ក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកទម្លាក់ចេញពីអំណាចដែរកាលពីឆ្នាំ១៩៨៩ តាមរយៈការសហការជាមួយក្រុមមន្ត្រី ក្នុងប្រទេសប៉ាណាម៉ាតែម្ដង។ 

* ការវាយឆ្មក់លឿនដូចផ្លេកបន្ទោរ

ក្នុងសេណារីយ៉ូទី២នេះ គឺការធ្វើប្រតិបត្តិការលឿនដូចផ្លេកបន្ទោរ តាមរយៈការកំណត់ទីតាំងច្បាស់លាស់ និងព័ត៌មានសម្ងាត់។ ប្រតិបត្តិការនេះតម្រូវឱ្យមានព័ត៌មានចារកម្មយ៉ាងលម្អិត និងច្បាស់លាស់បំផុតពីកន្លែងស្នាក់នៅរបស់លោក ម៉ាឌូរ៉ូ ការគ្រប់គ្រងដែនអាកាសបណ្ដោះអាសន្ន និងការបង្ហើយប្រតិបត្តិការឱ្យបានលឿនបំផុតដើម្បីបញ្ចៀសកុំឱ្យមានប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំក្នុងទីក្រុងការ៉ាកាស។ កន្លងមក សហរដ្ឋអាមេរិកបានដឹកនាំប្រតិបត្តិការលឿនដូចផ្លេកបន្ទោរបែបនេះដែរ គួរឱ្យកត់សម្គាល់ប្រតិបត្តិការសម្លាប់មេដឹកនាំអាល់កៃដា Osama bin Laden កាលពីឆ្នាំ២០១១។ 

* ការលួងលោមឱ្យចូលអន្ទាក់

ក្នុងសេណារីយ៉ូទី៣គឺជាការបោកបញ្ឆោត និងលួងលោមឱ្យដើរចូលអន្ទាក់។ ជំនួសឱ្យការឆ្មក់វាយប្រហារចូលវិមានប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ប្រហែលជាត្រូវបានលួងលោមថាលោកត្រូវបានគេនាំខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព និងចូលរួមក្នុងកិច្ចចរចាសម្របសម្រួលណាមួយជាដើម។ វិធីសាស្ត្រនេះមានគោលបំណងកាត់បន្ថយអំពើហិង្សា និងបញ្ចៀសភាពចលាចលតាមដងផ្លូវ។ 

សម្រាប់មេដឹកនាំមួយចំនួន ការធ្វើដំណើរ និងការចរចាគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់។ ពីព្រោះនៅពេលដែលពួកគេដើរចេញពីរង្វង់នៃការការពារដ៏រឹងមាំ នោះការពារនឹងថយចុះប្រសិទ្ធភាព ឬបាត់បង់ប្រសិទ្ធភាពតែម្ដង។ តាមរយៈសេណារីយ៉ូទាំង៣ខាងលើ អ្វីៗត្រូវបានត្រៀមចំអស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំមករបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ព្រមទាំងការទិញទឹកចិត្តក្រុមមន្ត្រីស្និទ្ធនឹងលោក ម៉ាឌូរ៉ូ។ ចូរកុំភ្លេចថា លោក ត្រាំ បានចេញបញ្ជារួចហើយឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ធ្វើប្រតិបត្តិការនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print