សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ​៖​ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកសារជាថ្មី ហើយសម្ដេចបានសម្ដែងនូវការពេញចិត្តចំពោះបេសកកម្មក៏ដូចជាកិច្ចការរបស់លោក​ ដែលបានបំពេញក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតមានភាពរីកចម្រើន ជាពិសេសការសម្របសម្រួលរបស់លោកឯកអគ្គរាជទូត ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅនេះ ដែលទាំងអស់នេះបង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។

នៅក្នុងឱកាសនោះ​ លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ លោកបានបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការងារនៅកម្ពុជា លោក​មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។ លោកក៏បានឃើញពីភាពរីកចម្រើន ជាពិសេសលើការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់របស់កម្ពុជា។​ លោកសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។

លោក​ក៏បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ហើយលោកបានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរមានភាពរីកចម្រើន។ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះប្រតិភូនៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានបន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។

...

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print