ចិន៖ លោក ចេន ហ្សី (Chen Zhi) ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង បក្សពួកចំនួន២នាក់ទៀត នៅថ្ងៃទី ៦ មករា ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន។ឆ្លើយតបនឹងករណីចាប់ខ្លួននេះ ក្រសួងការបរទេសចិន បញ្ចាក់ថា ការប្រឆាំងឧក្រិដ្ឋកម្ម Online Scam គឺត្រូវការកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។
ក្រោយ១ថ្ងៃនៃដំណឹងចាប់ខ្លួន មេឧក្រិដ្ឋកម្ម Online Scam អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង Mao Ning នៅថ្ងៃទី ៨ មករានេះ បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ហើយប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយបណ្ដាប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជាផង។
ឆ្លើយសំណួរអ្នកសារព័ត៌មានដែលសួរថា «តើភាគីចិនអាចបញ្ជាក់ព័ត៌មានដែលរាយការណ៍ថា លោក ចេន ហ្សី មេឧក្រិដ្ឋកម្ម Online Scam ត្រូវបានចាប់ខ្លួន និង បញ្ជូនត្រឡប់ទៅប្រទេសចិន ដើម្បីទទួលការស៊ើបអង្កេតពីអាជ្ញាធរពាក់ព័ន្ធដែរឬទេ? លោក ចេន ហ្សី មានសញ្ជាតិកម្ពុជា ចិននៅតែអាចអនុវត្តវិធានការផ្លូវច្បាប់ ចំពោះគាត់បាន តើចិនកំពុងសហការជាមួយស្ថាប័នអនុវត្តច្បាប់នៃប្រទេសដទៃទៀតលើករណីនេះ ឬអត់?»
ជាការឆ្លើយតប លោកស្រី ម៉ៅ នីង Mao Ning បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និង អំពើបោកប្រាស់តាមបណ្ដាញទូរគមនាគមន៍ គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ហើយ មួយរយពេលកន្លងមក ប្រទេសចិន បានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា និង បណ្ដាប្រទេសផ្សេងទៀត ក្នុងការប្រយុទ្ធឧក្រិដ្ឋកម្ម Online Scam ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។
អ្នកនាំពាក្យស្ត្រីជើងខ្លាំងរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ថា ចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជាផង ដើម្បីរួមគ្នាការពារសុវត្ថិភាពជីវិត និង ទ្រព្យសម្បត្តិរបស់ប្រជាជន និង ថែរក្សាសណ្តាប់ធ្នាប់ និង បរិយាកាសកិច្ចសហប្រតិបត្តិការល្អនៅក្នុងតំបន់៕ដោយ៖តារា
លោកស្រី ម៉ៅ នីង (Mao Ning ) អ្នកនាំពាក្យក្រសួងការបរទេសចិន










