តារាឆ្នើមរបស់ក្លឹប Barcelonaកីឡាករ Lamine Yamal បានទទួលកាដូជានាឡិកាដ៏កម្រមួយនៅឯកម្មវិធី Globe Soccer Awards នៅទីក្រុងឌូបៃ ដែលជានាឡិកាត្រូវបានផលិតមានចំនួនកំណត់លក់លើពិភពលោកមានត្រឹមតែ 18 គ្រឿងប៉ុណ្ណោះ។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ 18 ឆ្នាំរូបនេះត្រូវបានផ្តល់កិត្តិយសនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2025 ជាមួយនឹងទាំងពានរង្វាន់ Best Forward of the Year និងពានរង្វាន់ Maradona ដែលក្រោយមកត្រូវបានអមដោយ នាឡិកាJacob & Co. Bugatti Tourbillon Baguette តម្លៃចំនួន 400,000 ដុល្លារអាមេរិក។
នាឡិកាដៃនេះគឺជាលទ្ធផលនៃកិច្ចសហការដ៏ល្បីរវាងអ្នកផលិតគ្រឿងអលង្ការអាមេរិក និងក្រុមហ៊ុនផលិតនាឡិកា Jacob & Co និងក្រុមហ៊ុនផលិតរថយន្តទំនើប Bugatti ។
ការរចនានាឡិកានេះឆ្លុះបញ្ចាំងពីវិស្វកម្មនៃរថយន្តទំនើបដែលមានរាងស្វ៊ែរចំនួនបីនៅផ្នែកខាងលើ និងផ្នែកខាងក្រោមដែលបំផុសគំនិតដោយម៉ាស៊ីន 8.0 L V16 របស់ Bugatti ។ ផលិតពីមាសស 18 ការ៉ាត់ នាឡិកានេះត្រូវបានស្រោបដោយត្បូងពេជ្រចំនួន 328 គ្រាប់ និងត្បូងទទឹមចំនួន 18 គ្រាប់ ជាមួយនឹងត្បូងដែលដាក់នៅមូលដ្ឋានដើម្បីស្រដៀងទៅនឹងចង្កៀងមុខរបស់រថយន្តម៉ាក Bugatti ។
ពានរង្វាន់ Globe Soccer Awards ដែលជារឿយៗត្រូវបានគេហៅថា “Dubai d’Or” ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2010។ សហការបង្កើតឡើងដោយភ្នាក់ងារបាល់ទាត់ Jorge Mendes ពានរង្វាន់នេះប្រើប្រាស់ដំណើរការជ្រើសរើសពីរដំណាក់កាលដែលពាក់ព័ន្ធនឹងការបោះឆ្នោតជាសាធារណៈ និងក្រុមអ្នកជំនាញក្នុងវិស័យបាល់ទាត់ រួមទាំងអ្នកសារព័ត៌មាន ភ្នាក់ងារ និងអតីតកីឡាករ៕










