ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ បានណែនាំដល់សិស្ស-និស្សិតទាំងអស់ត្រូវខិតខំក្នុងស្មារតីអត់ធ្មត់ ដើម្បីឱ្យជីវិតអាចសម្រេចដល់គោលដៅចុងក្រោយដោយជោគជ័យ ។
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស-និស្សិតជ័យលាភីលើកទី៧ នៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ. នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ។
លោក លី ធុជ បានបញ្ជាក់ថា៖ កូនក្មួយជាសិស្ស-និស្សិត ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ និងជាកម្លាំងចម្បងសម្រាប់អនាគតប្រទេស។ ដើម្បីឈានទៅកាន់ជោគជ័យក្នុងជីវិត និងការងារ សិស្ស -និស្សិត ត្រូវមានគោលដៅច្បាស់លាស់ ដូចជា ទន្លេមេគង្គ ដែលមានប្រភពច្បាស់ មានទិសដៅច្បាស់ និងហូរទៅកាន់សមុទ្រដោយមិនឈប់សម្រាក ។ ទន្លេមេគង្គ មិនហូរដោយត្រង់ជានិច្ចទេ វាអាចកោង បត់ ឆ្លងកាត់ថ្ម ភ្នំ និងឧបសគ្គជាច្រើន ប៉ុន្តែវាមិនដែលបាត់បង់ទិសដៅនោះទេ។ នេះជាមេរៀនសំខាន់សម្រាប់សិស្ស-និស្សិត គឺទោះបីជាប្រឈមនឹងការលំបាក ការបរាជ័យ ឬការផ្លាស់ប្តូរនៅក្នុងជីវិតក៏ដោយ កុំបោះបង់គោលដៅ និងកុំឲ្យឧបសគ្គបំប្លែងទិសដៅនៃក្តីស្រមៃរបស់ខ្លួន។ សិស្ស-និស្សិតទាំងអស់ គូរកំណត់គោលដៅជីវិតឱ្យច្បាស់ ដឹងថាខ្លួនចង់ទៅណា ហើយរក្សាវិន័យ ការខិតខំ និងស្មារតីអត់ធ្មត់ ដើម្បីឱ្យដំណើរជីវិតរបស់ខ្លួន អាចហូរដល់គោលដៅចុងក្រោយដោយជោគជ័យ។ សារសំខាន់នៃសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាកំពុងមានសព្វថ្ងៃ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង ដែលបានកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃ អត់ធ្មត់ និងមានទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សម្តេចតេជោ បានដឹកនាំប្រទេសឱ្យបញ្ចប់សង្គ្រាមផ្ទៃក្នុង ដោយគោលនយោបាយឈ្នះ–ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សាជាតិ និងការរួបរួមជាតិ។ សន្តិភាពនេះ បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការស្តារឡើងវិញ និងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។
លោកបណ្ឌិត លី ធុជ បានបន្តថា៖ មូលដ្ឋានសន្តិភាពដ៏មានតម្លៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលបន្តបេសកកម្មដឹកនាំប្រទេសជាតិ ដោយប្តេជ្ញាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។ ជាមួយទស្សនវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ សម្តេចធិបតី កំពុងដឹកនាំកម្ពុជាទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងការពង្រឹងតួនាទីកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ ថ្មីៗនេះ ជាក់ស្តែង ក្នុងអំឡុងពេលដ៏លំបាកនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកប ដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំង ឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ ៕
ដោយ សំរិត










