ភ្នំពេញ៖ លោកឃួង ស្រេង បានដាក់បទបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាប់ភ្លាមប្រសិនបើដឹងមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាផែនការជាទ្រង់ទ្រាយធំមួយ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយកំណត់យកទីតាំងច្បាស់លាស់មួយ ហើយផ្តើមការត្រួត ពិនិត្យ ទីតាំងខុនដូ និងនៅតាមទីតាំងរស់នៅប្រមូលផ្តុំដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបជាក់ស្តែង បើមានបទល្មើស ONLINE SCAMS។
លោកបានដាក់បទបញ្ជា បែបនេះ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួន នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា៖ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ហើយការងារនេះ កងកម្លាំងសមត្ថកិច្ចរបស់យើងរួមសហការជាមួយគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរ ហើយកន្លងមករហូតបង្ក្រាបបានជាបន្តបន្ទាប់ទាំង ONLINE SCAMSនិងការចាប់ជំរិតជាដើម។
លោកបានបន្តទៀតថា ជាផែនការចំពោះមុខ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) យើងអនុវត្តជាលក្ខណៈទ្រង់ទ្រាយធំមួយ ជាមូយនិងការ កំណត់ទីតាំងច្បាស់លាស់ ពីមួយខណ្ឌទៅមួយខណ្ឌ ពិសេសនៅតំបន់ដែលមានអ្នករស់នៅច្រើនហើយដែលយើងមានការសង្ស័យ។ គ្រប់ខុនដូនិងតាមទីតាំងរស់នៅប្រមូលផ្តុំទាំងអស់ត្រូវតែមានការត្រួតពិនិត្យ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការងារការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់សាធារណៈក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំង១៤ផងដែរ៕. ដោយ សំរិត










