លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ  បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ។

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ ជាងនេះទៅទៀត អង្គប្រជុំក៏បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ ICRC លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ព្រមទាំងការបន្តរៀបចំ និងអនុវត្តនូវបេសកកម្មមនុស្សធម៌របស់ ICRC នាពេលខាងមុខផងដែរ។ 

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចំពោះតួនាទីដ៏មានសារៈសំខាន់ក្នុងការចុះសួរសុខទុក្ខ និងការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់កងទ័ពកម្ពុជាទាំង ១៨រូប ក្នុងអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ និងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print