ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបម៉ាក FOR THING ធ្វើដំណើរមកផ្លូវត្រង់លឿនជាន់ហ្រ្វាំងមិនទាន់ក៏បុកចំពាក់កណ្ដាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1H-8508 ជិះចេញពីផ្លូវបេតុងមួយកន្លែងឆ្លងកាត់ផ្លូវ៥០ម៉ែត្រទិសដៅពីត្បូងទៅជើង ខណះពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកFOR THING ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BT-9191 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 50 ម៉ែត្រទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែកមិនបានប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលចំហៀងខាងស្ដាំយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋក្បែខាងជួយទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗចំណែកអ្នកបើកបររថយន្តវិញត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ថិ៍នគរបាលសង្កាត់ព្រៃសដើម្បីសួរនាំបន្ត។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្ករចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ










