គ្រូបង្វឹក Xabi Alonsoសម្រេចចិត្តចាកចេញពីReal Madrid ក្រោយរបូតពានអេស្ប៉ាញSuper Cup ទៅលើដៃBarcelona

ចែករំលែក៖

គ្រូបង្វឹក Xabi Alonso បានចាកចេញពី Real Madrid ដោយកិច្ចព្រមព្រៀងរួមគ្នាមួយថ្ងៃបន្ទាប់ពីការបរាជ័យ 3-2 របស់ពួកគេក្រោមដៃគូប្រជែងដ៏ជូរចត់ Barcelona ក្នុងការប្រកួត Spanish Super Cup។

ក្លឹប Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Xabi Alonso នឹងតែងតែទទួលបានការស្រលាញ់ និងការកោតសរសើរពីអ្នកគាំទ្រ Real Madrid ទាំងអស់ ពីព្រោះគាត់គឺជាវីរបុរសរបស់ Real Madrid ហើយបានតំណាងឱ្យតម្លៃក្លឹបរបស់យើងគ្រប់ពេលវេលា។ Real Madrid នឹងតែងតែជាផ្ទះរបស់គាត់” ។

ក្លឹបបានបន្ថែមថា អ្នកចាត់ការក្រុមទីពីរ និងជាអតីតខ្សែការពារ Alvaro Arbeloa នឹងចូលកាន់តំណែងជាអ្នកដឹកនាំក្រុមឈុតធំបណ្តោះអាសន្នសិន។

Real Madrid បានចែកផ្លូវជាមួយ Alonso ជាងប្រាំពីរខែបន្ទាប់ពីការតែងតាំងគាត់ ដោយសារលទ្ធផលមិនល្អនៅក្នុងការប្រកួតទាំងអស់។ Alonso អតីតខ្សែបម្រើរបស់ Real Madrid បានចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំ នៅខែឧសភា បន្ទាប់ពីបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយ Bayer Leverkusen ប៉ុន្តែអាណត្តិរបស់ខ្លួននៅកីឡដ្ឋាន Santiago Bernabeu ដួលរលំយ៉ាងឆាប់រហ័សទៅវិញ។

អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានដឹកនាំក្រុម Leverkusen ឲ្យបង្កើតប្រវត្តិសាស្ត្រ ដោយមិនដែលចាញ់សោះក្នុងរដូវកាល 2023-24 ដើម្បីឈ្នះជើងឯក Bundesliga ព្រមទាំងឈ្នះពាន German Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ ដែលបានជំរុញឲ្យ Real Madrid នាំគាត់ត្រឡប់មកក្លឹបវិញ ក្នុងតួនាទីជាគ្រូបង្វឹក។

ទោះជាយ៉ាងណា ការត្រឡប់មកវិញរបស់ Alonso មិនអាចធ្វើឡើងដូចជាជោគជ័យរបស់អតីតខ្សែបម្រើ Real Madrid ម្នាក់ទៀត គឺ Zinedine Zidane ដែលធ្លាប់ដឹកនាំក្លឹបឲ្យឈ្នះពាន Champions League បីលើកជាប់ៗគ្នា បាននោះទេ។

អំឡុងពេលដឹកនាំក្រុមរបស់គាត់ ពេលវេលានេះត្រូវបានរំខានដោយភាពមិនចុះសម្រុងផ្ទៃក្នុង ដោយមានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចជាមួយកីឡាករជាន់ខ្ពស់មួយចំនួន រួមទាំងអនុប្រធានក្រុម Federico Valverde និងខ្សែប្រយុទ្ធបម្រើស្លាប Vinicius Jr ផងដែរ។

ការលេងដ៏អន់របស់ Real Madrid ក្រោមការដឹកនាំរបស់ Alonso រួមមានការចាញ់យ៉ាងអាម៉ាស់ចំពោះ Paris Saint-Germain ក្នុងពាន Club World Cup, ចាញ់ Atletico Madrid នៅ LaLiga និងចាញ់ទាំង Liverpool និង Manchester City ក្នុងពាន Champions League។

Arbeloa នឹងចូលកាន់តំណែងភ្លាមៗ នៅថ្ងៃពុធនេះ ខណៈដែល Real Madrid ទៅលេងផ្ទះក្រុមលីគទីពីរ Albacete ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពាន Copa del Rey។

បន្ទាប់ពីបាននាំមុខតារាង LaLiga នៅដើមរដូវកាល លើគូប្រជែងចាស់ Barcelona ដល់ទៅ ៥ ពិន្ទុ ក្រុម Real Madrid ក្រោមការដឹកនាំរបស់ Alonso បានធ្លាក់ចុះយ៉ាងខ្លាំង ហើយបច្ចុប្បន្នឈរនៅលេខ ២ ដោយនៅពីក្រោយជើងឯករដូវកាលមុន Barcelona ចំនួន ៤ ពិន្ទុវិញ។

ការតែងតាំង Alonso ត្រូវបានមើលឃើញនៅដំបូងថាជាគម្រោងរយៈពេលវែង ប៉ុន្តែការបណ្តេញចេញរបស់គាត់បានបង្ហាញពីការអត់ធ្មត់តិចតួចរបស់ក្លឹប ពេលដែល Real Madrid មិនអាចឈានដល់ស្តង់ដារខ្ពស់របស់ខ្លួនបាន។

...

Alonso វ័យ 44 ឆ្នាំ បានចូលលេងឲ្យ Real Madrid ចំនួន 236 ប្រកួត ក្នុងនាមជាកីឡាករ ចន្លោះឆ្នាំ 2009 ដល់ 2014 និងបានឈ្នះពាន LaLiga មួយលើក ពាន Copa del Rey ពីរលើក និងពានអឺរ៉ុបលើកទី 10 ដែលក្លឹបបានរង់ចាំយ៉ាងយូរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print