ភ្នំពេញ៖ លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ
និងសាសនា បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ សប្បុរសធម៌ របស់ លោក Abdalrahman Ramon Gonzalez Suarez Farid Ben Amar(អាប់ដាល់រ៉ាម៉នរ៉នហ្សាលេសស្វារ៉េស) ប្រធានសមាគម Humanipedie ប្រទេសបែលហ្សិក និងលោក ហ្វារីដ ប៊ែន អាម៉ា ( Farid Ben Amar) ប្រធានសមាគម Projet Alyatim ប្រទេសបែលហ្ស៊ិកសុះជីបព្រល ប្រធានសមាគមអភិវឌ្ឍន៍និងការអប់រំមុស្លីមកម្ពុជា ដើម្បីយកទៅ ចែកជូនវីរកងទ័ព និងគ្រួសារភៀសសឹកតាមរយៈ ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈ មកប្រគល់ជូន ក្រសួងធម្មការ និងសាសនា សម្រាប់ឧបត្ថម្ភ សមរភូមិមុខ ប្រធានសមាគមទាំង៣ បានជម្រាបជូនអំពីគោលបំណងសំខាន់ នាឱកាសនេះចំនួន៣ គឺ៖១.នាំយកជំនួយមានគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនវីរកងទ័ព និងគ្រួ សារភៀសសឹក នៅខេត្តទាំង៨នៅជាប់ព្រំដែនកម្ពុជា-ថៃ តាមរយៈក្រសួងធម្មការ និងសាសនា។ ២. ជម្រាបជូនអំពីដំណើរការសាងសងសាលាចំនួន២ខ្នង ដើម្បីរួមចំណែកជាមួយ រដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលបង្កើតធនធានមនុស្ស ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ៣.នឹកនាំយកអំណោយជាបន្តបន្ទាប់ សម្រាប់ប្រគល់ជូនក្រសួងសម្រាប់ចាត់ចែងតាមអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវការ ។
លោកបានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងត្រូវបានប្រទេសថៃឈ្លានពាន រាជរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដ៏ឈ្លាសវៃនិងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រើគ្រប់មធ្យោយបាយ ដើម្បីបញ្ជៀសនូវសង្រ្គាម តាមរយៈមធ្យោបាយការទូត ពិសេសយុទ្ធសាស្រ្ត ស្ងៀមតែមិនស្ងាត់ ។ កម្ពុជាមានវីរៈកងទ័ពដ៏អង់អាចក្លាហានបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជាឱ្យមានសុខសន្តិភាពនិងមានកងទ័ពយើងខ្លះបានពាលីជីវិតដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា។
លោក ចាយ បូរិន បានបញ្ជាក់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាផ្សេងៗទៀតនៅកម្ពុជា បានចូលរួមចំណែកជួយគាំទ្រជាមួយរាជរដ្ឋាភិបាលនៅពេលដែល ប្រទេសកម្ពុជាកំពុងជួបការលំបាក និងបាននាំយកអំណោយជាបន្តបន្ទាប់ជូនដល់វីរៈកងទ័ពនិង បងប្អូនជនភៀសសឹក ដែលស្ថិតនៅព្រំដែនកម្ពុជា-ថៃ ។
លោកបានអំណរគុណដល់ សមាគម Humanipedie សមាគម Projet Alyatim និងសមាគមអភិវឌ្ឍន៍ និងការ អប់រំមុស្លីមកម្ពុជានិងសហការី ជួបតែសេចក្តីសុខនិងសម្រេចបានគ្រប់ភារកិច្ចមនុស្សធម៌នៅកម្ពុជាជានិច្ចនិរត្តន៍ និងសូមជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សំណាងល្អ និងព្រះអល់ឡោះប្រទានពរ។
សូមបញ្ជាក់ថា ជំនួយទាំងអស់នេះ សមាគមប្រគល់ជូនក្រសួងធម្មការនិងសាសនា តាមរយៈ លោក ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូន ប្រជាពលរដ្ឋភៀសសឹក៕











