លោករដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងឆ្លើយតបដល់តម្រូវការមនុស្សជំនាន់ថ្មី (Gen Z និង Gen Alpha)

ចែករំលែក៖

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ការផលិតមាតិកាទេសចរណ៍ជាលក្ខណៈឌីជីថល (រូបភាព, វីដេអូ និងខ្លឹមសារ) ដែលជាគន្លឹះសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍នៅប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំក្រសួង, លោកអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៤០នាក់។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសជុំវិញក្រសួង ត្រូវជំរុញដល់ការរៀបចំក្រុមការងារឆ្លើយតបតាមរយៈ Email, ការជំរុញរៀបចំប្រព័ន្ធរក្សាទុកលិខិតរដ្ឋបាលជាលក្ខណៈឌីជីថលឱ្យបានកាន់តែឆាប់ ការរៀបចំ Media Server សម្រាប់ផ្ទុកទិន្នន័យ និងបែងចែក, ការបង្កើតគេហទំព័រហ្វេសប៊ុកនៅគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំង៣ ជាពិសេសការជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។ លោករដ្ឋមន្រ្តី ក៏មានមតិដឹកនាំលើការពង្រឹងសមត្ថភាពរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរទេសចរណ៍ចូលរួមសហការសម្របសម្រួលដល់ក្រុមអ្នកផលិតមាតិកាទេសចរណ៍ (Influencers) ដែលបាននិងកំពុងចុះផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកដំបូង ដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឌីជីថល (Media) និងក្រុមអ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print