សារព័ត៌មាន Reuters បានផ្សាយថា ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង កាលពីថ្ងៃអង្គារ ទី១៣ ខែមករា បាននិយាយថាក្ដីសង្ឃឹមរបស់កូរ៉េខាងត្បូងដែលចង់ឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ល្អប្រសើរឡើងគឺជាគំនិតរវើរវាយដែលមិនអាចក្លាយជាការពិត។
ការអត្ថាធិប្បាយរបស់លោកស្រី គីម ដែលត្រូវបានស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ធ្វើឡើងជាការឆ្លើយតបទៅនឹងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងម្នាក់ដែលកាលពីថ្ងៃអង្គារ ដែលបាននិយាយថាទីក្រុងសេអ៊ូលមើលឃើញពីឱកាសនៃការចាប់ផ្ដើមកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង។ មន្ត្រីម្នាក់មកពីក្រសួងការបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី គីម យ៉ូជុង ហាក់ដូចជាបានបន្ថយសំឡេងនៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកស្រីកាលពីចុងសប្ដាហ៍កន្លងទៅ នៅពេលលោកស្រីជំរុញឱ្យទីក្រុងសេអ៊ូលបើកការស៊ើបអង្កេតលើដ្រូនដែលហោះ ចូលក្នុងដែនអាកាសកូរ៉េខាងជើង។
ប៉ុន្តែជាប្រតិកម្មឆ្លើយ លោកស្រី គីម បាននិយាយថាកូរ៉េខាងត្បូងបានប្រព្រឹត្តទង្វើបង្ករឿងធ្ងន់ធ្ងរ តាមរយៈការបំពានលើអធិបតេយ្យរបស់កូរ៉េខាងជើង ហើយទាមទារឱ្យកូរ៉េខាងត្បូងសូមទោស និងសន្យាថា នឹងមិនឱ្យរឿងបែបនេះកើតឡើងជាថ្មីដាច់ខាត។
រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Lee Jae Myung បាន និងកំពុងស្វែងរកការស្ដារទំនាក់ទំនងឡើងវិញជាមួយទីក្រុងព្យុងយ៉ាង តែមកទល់នឹងពេលនេះសំណើរបស់លោកត្រូវបានកូរ៉េខាងជើង បដិសេធជាបន្តបន្ទាប់៕
រូបថត: KCNA










