លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនី ឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកលប្រកបដោយមនុស្សធម៌,ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ និងការ រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្តជាដើម។

លោកបណ្ឌិតបញ្ជាក់ថា ៖
១. សច្ចធម៌ប្រវត្តិសាស្រ្ត៖ កម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងជាង២ពាន់ឆ្នាំដូចក្នុងកំណត់ត្រានៃសៀវភៅស្រាវជ្រាវចេញផ្សាយដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដោយឡែកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏មានអាយុកាលឈានចូលដល់វ័យ៦៨ឆ្នាំផងដែរ។
២. ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ទាំងកម្ពុជា ទាំងចិនសុទ្ធតែមានឆន្ទៈរួមគ្នាឈរលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក គោរពបូរណភាពទឹកដី អធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។
៣. ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់៖ ប្រទេសទាំងពីរតែងបានរួមគ្នាក្នុងការកសាងគ្រឹះសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ មិនមែនជាគ្រោះថ្នាក់ដល់ប្រទេសណាមួយឡើយ ហើយមិនដែលចាត់ទុកប្រទេសណាមួយជាសត្រូវឡើយ។
៤. ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន៖ ប្រទេសទាំងពីរតែងបានរៀនសូត្រពីគ្នាទៅវិញទៅមក ហើយតែងបានរួមគ្នានៅក្នុងការបន្ស៊ីគោលនយោបាយជាមួយគំនិតផ្តួចផ្តើមនានា។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរតែងបានគាំទ្រគ្នាដោយឈរលើទិសដៅអភិវឌ្ឍ ហើយរួមគ្នាកសាងសហគមន៍ដែលមានវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
៥. ទស្សនៈសន្តិសុខសកលប្រកបដោយមនុស្សធម៌៖ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវិស័យសុខាភិបាល ការបោសមីន ការឆ្លើយតបគ្រោះមហន្តរាយ និងជួយការពារជីវិតប្រជាជន ជាក់ស្តែងប្រទេសចិនគឺជាប្រទេសទី១ដំបូងគេដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកនៅកម្ពុជា។
៦. ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៖ មិត្តភាពកម្ពុជា–ចិនបានពន្លាតពីថ្នាក់ដឹកនាំដល់ប្រជាជន ពីទីក្រុងដល់ជនបទ ពីអតីតកាលបន្តទៅកាន់អនាគតកាលដ៏ត្រចះត្រចង់។ ទំនាក់ទំនងប្រជាជននិងប្រជាជនតែងបានពង្រឹងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរ ដោយបានចាត់ទុកប្រទេសមិត្តជាផ្ទះទី២របស់ខ្លួន ហើយសង្គមស៊ីវិលកម្ពុជា-ចិនតែងបានរួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។ ៧. គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ៖ ទាំងកម្ពុជា ទាំងចិន សុទ្ធតែយល់ស្របគ្នានៅក្នុងការលើកកម្ពស់ចរន្តពហុភាគីនិយម ហើយពង្រីកទ្វាប្រទេសកាន់តែធំ កាន់តែទូលាយនៅក្នុងចរន្តនៃការបើកចំហសេដ្ឋកិច្ចទីផ្សារ ។
និង ៨. រួមគ្នាដើម្បីអនាគត និងអ្នកបន្តវេនមិត្តភាពកល្យាណមិត្ត៖ ទំនាក់ទំនងដែកថែបកម្ពុជា–ចិន គឺជាការវិនិយោគសម្រាប់អនាគតកូនចៅ ជាដៃគូក្នុងការកសាងសេដ្ឋកិច្ចឌីជីថល បៃតង និងចីរភាព ហើយប្រឆាំងដាច់ខាតចំពោះទស្សនៈបំបែកបំបាក់ទំនាក់ទំនងកម្ពុជា–ចិន ដែលដើរផ្ទុយពីបំណងរបស់ប្រទេសទាំងពីរដែលឈរយ៉ាងរឹងមាំរួមគ្នាជាមួយសន្តិភាព និងការអភិវឌ្ឍរួម។ បន្ថែមពីលើនេះ ដើមឈើមិត្តភាពរវាងប្រជាជននិងប្រទេសយើងទាំងពីរបានឈរយ៉ាងរឹងមាំ ចាក់ឫសយ៉ាងជ្រៅ និងមានផ្លែផ្កាកាន់តែច្រើនតាមរយៈមូលធនមនុស្សរបស់ប្រទេសយើងទាំងពីរ ដូចដែលយើងបានឃើញពីបរិមាណកាន់តែច្រើនរបស់និស្សិតកម្ពុជាសិក្សានៅប្រទេសចិន និងគុណភាពដ៏ខ្លាំងក្លានៃអតីតនិស្សិតសិក្សានៅប្រទេសចិនមករួមគ្នាអភិវឌ្ឍប្រទេសកម្ពុជាក្រោមទម្រនៃមិត្តភាពអមតៈកម្ពុជា-ចិន៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print