ការចុះឈ្មោះរថយន្តអគ្គិសនី(EV) សកលបានកើនឡើង 20% កាលពីឆ្នាំមុន ប៉ុន្តែទំនងជានឹងថមថយល្បឿននៅឆ្នាំ 2026 បើតាមទិន្នន័យបានបង្ហាញនៅថ្ងៃពុធនេះ ដោយសារការធ្លាក់ចុះនៅក្នុងប្រទេសចិន និងការបន្ធូរបន្ថយនៃគោលដៅរថយន្តអគ្គិសនីទូទាំងពិភពលោកបាននាំឱ្យនៅក្នុងការលក់ក្នុងខែធ្នូកើនឡើងតិចបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2024។
ភ្នាក់ងារប្រឹក្សា Benchmark Mineral Intelligence (BMI) បាននិយាយថា ការចុះឈ្មោះប្រចាំខែនៃរថយន្តអគ្គិសនី រួមទាំងអាគុយ និងម៉ាស៊ីនកូនកាត់ បានធ្លាក់ចុះបន្ថែមទៀតនៅអាមេរិកខាងជើង បន្ទាប់ពីការបញ្ចប់ នៃគម្រោងឥណទានពន្ធ EV នៅសហរដ្ឋអាមេរិកក្នុងខែតុលាមក។
ការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំង រួមមានការបត់បែនទិសដៅវិញរបស់ប្រធានាធិបតីអាមេរិក Donald Trump លើការផ្លាស់ប្តូរទៅរថយន្តអគ្គិសនី និងការបន្ធូរបន្ថយស្តង់ដារបញ្ចេញឧស្ម័ននៅសហភាពអឺរ៉ុប បានធ្វើឱ្យទីផ្សាររថយន្តអគ្គិសនី (EV) សកលក្នុងឆ្នាំ 2025 រងការរញ្ជួយយ៉ាងខ្លាំង ទៅជារូបភាព «ស្ទើរតែមិនអាចស្គាល់បាន» ទៀតឡើយ នេះបើយោងតាមលោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យរបស់ BMI។
ការកើនឡើងនៃការប្រកួតប្រជែងនៅអឺរ៉ុប និងការថយចុះនៃតម្រូវការនៅប្រទេសចិន គ្រោងនឹងធ្វើឱ្យមានការពិភាក្សារវាងអ្នកគាំទ្រការបំលែងទៅអគ្គិសនី ដែលផ្តោតលើតម្រូវការកាត់បន្ថយឧស្ម័ន CO2 ដែលបង្កើនកម្តៅផែនដី និងក្រុមហ៊ុនផលិតរថយន្ត ដែលអះអាងថាការផ្លាស់ប្តូរយ៉ាងលឿនអាចគំរាមកំហែងដល់ការងារ និងប្រាក់ចំណេញ កាន់តែតានតឹងឡើង។
ការចុះបញ្ជីរថយន្តអគ្គិសនី (EV) ទូទាំងពិភពលោក ដែលត្រូវបានចាត់ទុកជាសូចនាករតំណាងឱ្យការលក់ បានកើនឡើង 6% ដល់ជិត 2.1 លានគ្រឿងក្នុងខែធ្នូ ហើយសរុបឈានដល់ 20.7 លានគ្រឿងសម្រាប់ឆ្នាំ 2025 នេះបើយោងតាមទិន្នន័យ។
នៅប្រទេសចិន ការចុះបញ្ជីបានកើនឡើង 2% ដល់លើស 1.3 លានគ្រឿង ដែលជាអត្រាកំណើនតាមឆ្នាំទៅឆ្នាំទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2024 ហើយនាំឱ្យសរុបកើនឡើង 17% ដល់ 12.9 លានគ្រឿងក្នុងឆ្នាំ 2025។ ប្រទេសចិនបានផលិតរថយន្តអគ្គិសនីចំនួន 71% នៃរថយន្ត EV ដែលត្រូវបានលក់ទូទាំងពិភពលោក។
ខណៈពេលជាមួយគ្នានេះ ការចុះបញ្ជីនៅអាមេរិកខាងជើងបានធ្លាក់ចុះ 39% មកនៅត្រឹមតែជាង 100,000 គ្រឿងប៉ុណ្ណោះ បន្ទាប់ពីមានការធ្លាក់ចុះស្រដៀងគ្នានៅខែតុលា និងខែវិច្ឆិកា បន្ទាប់ពីការបញ្ចប់អត្ថប្រយោជន៍ពន្ធរបស់សហរដ្ឋអាមេរិក។ សរុបរយៈពេលឆ្នាំ 2025 ការចុះបញ្ជី EV នៅតំបន់នេះបានថយចុះ 4%។
BMI រំពឹងថា រថយន្តអគ្គិសនី (EV) ចំនួន 23.9 លានគ្រឿង នឹងត្រូវបានលក់ទូទាំងពិភពលោកក្នុងឆ្នាំនេះ ដែលកើនឡើង 15.7%។ កំណើននេះត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសចិនដល់ 21% ខណៈដែលកំណើននៅអឺរ៉ុប និងតំបន់ផ្សេងៗទៀតនៃពិភពលោកនឹងយឺតចុះ មកនៅត្រឹម 15% និង 26% តាមលំដាប់។
របាយការណ៍ក៏បានព្យាករថា អាមេរិកខាងជើងនឹងប្រឈមនឹងការធ្លាក់ចុះខ្លាំងជាងមុនរហូតដល់ 23% ដោយសារការធ្លាក់ចុះ 29% នៅសហរដ្ឋអាមេរិក៕










