ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ ៖ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាក លោកបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។
ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ លោកបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ ជូនដល់គ្រួសារភៀសសឹកសរុបចំនួន ៣,០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖
* ថវិកា៖ ៥០,០០០ រៀល
* ព្រមទាំងការចែកជូនរួមមាន៖ អង្ករសរុប ៣តោន, ស៊ុតទា ៣១,០០០គ្រាប់ និងថ្នាំពេទ្យចំនួន ២៤,០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។
គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន៖
១. លោកបណ្ឌិត កៅ ថាច និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
២. សមាគមខ្មែរញ៉ូហ្សេលេន (Khmer New Zealand Association)
៣. ក្រុមការងារយុវជនទទួលបន្ទុកតំបន់ ៥ នៃប្រទេសអូស្រ្តាលី-ណូវេសហ្សេឡង់
៤. ក្រុមជំនួយការសហគ្រិនវ័យក្មេងតាមបណ្តាខេត្ត (ក្រុមទី៦)
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការការរួបរួមគ្នា៕
ដោយ ៖ សិលា










