ភ្នំពេញ៖ ផ្ទះសិប្បកម្មជួសជុលកែច្នៃរុឺម៉កមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាងនិងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកេីតឡេីងនាវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញអណ្តាតភ្លើងឆេះរាលដាលចេញពីក្នុងផ្ទះសិប្បកម្មនិងជួសជុលកែច្នៃរុឺម៉កខាងលើយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរ ប្រជាពលរដ្ឋរសនៅក្បែរខាងរួមទាំងម្ចាស់ទីតាំងបានទាញទុយយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ផងដែរ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ចប់ឃើញថា កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ពោលគឺខូចខាតតែផ្ទះប្រជាពលរដ្ឋមួយខ្នងបូករួមទាំងសម្ភារៈមួយចំនួនធំប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ










